(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ ពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿននិងឆាប់រហ័សបំផុត។

ការណែនាំនេះធ្វើឡើងនៅទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងផ្តល់ម៉ូតូ សំភារៈបច្ចេកទេសវាស់វែងដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ជាអាណតិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវនៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតនោះ គឺធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ពលរដ្ឋរបស់យើង។ ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន រៀបចំធ្វើតាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្តល់សិទ្ធិឯកជន លើអចលនទ្រព្យជូនប្រជាពលរដ្ឋលើកទីមួយ។ ពីឆ្នាំ១៩៨៩ រហូតមកដល់ឆ្នាំ២០២៣ នេះ នឹងឈានទៅខួបទី៤០ នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះ ឧបនាយករដ្ឋ ក៏បានលើកឡើងផងដែរថា មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ពន្ធ័ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា រវាងមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញ និងមន្ត្រីស្មគ្រ័ចិត្តដើម្បីបង្ហើយការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ស្ពឺ ឱ្យបានចប់សព្វគ្រប់ទៅតាមផែនការដែលបានកំណត់។

លោកណែនាំត្រូវគិតគូបញ្ចូលសេវាសាធារណៈចាំបាច់របស់ច្រកចេញចូលតែមួយជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តធ្វើយ៉ាងណាឱ្យប័ណ្ណបានទៅដល់ដៃ ពលរដ្ឋគ្រប់គ្នា៕