(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូរបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដែលដឹកនាំដោយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពណិជ្ជកម្មកម្ពុជា, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអំពីជំហរគាំទ្រសហព័ន្ធ ក្នុងការផ្តល់ធាតុចូល និងចូលរួមសហការជាមួយក្រសួង ដើម្បីពន្លឿនគោលនយោបាយ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅដល់ការគៀងគរការវិនិយោគដើម្បីជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

ជំនួបនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រវាងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) តំណាងឲ្យវិស័យឯកជនផ្នែកយានយន្ត ដែលដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា និងលោក-លោកស្រីថ្នាក់ដឹកនាំ លោក-លោកស្រី ប្រធាននាយកដ្ឋានជំនាញ ក្នុងគោលបំណង ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងឧស្សាហកម្មយានយន្ត។

លោកបណ្ឌិតប្រធាន និងគណៈប្រតិភូរបស់សហព័ន្ធ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយបំផុត ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសម្តែងនូវអំណរសាទរដ៏ស្មោះស្ម័គ្រ ជូនចំពោះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ដែលលោកត្រូវបានផ្តល់សេចក្តីទុកចិត្តពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបណ្ឌិតប្រធានសហព័ន្ធ ក៏បានបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចបានកន្លងមកទាំងក្នុង និងក្រៅប្រទេស និងការរីកចម្រើនក្នុងឧស្សាហកម្មយានយន្ត ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ សមាជិករបស់សហព័ន្ធមានដូចជា៖ ក្រុមហ៊ុន SsangYong, Ford, Isuzu និង Kia បានវិនិយោគលើរោងចក្រតំឡើងរថយន្តក្នុងប្រទេសកម្ពុជា និងបាននឹងកំពុងដំឡើង រថយន្តដើម្បីបំពេញតម្រូវការ អ្នកប្រើប្រាស់រថយន្តក្នុងស្រុក។ ដោយឡែកក្រុមហ៊ុន Toyota នឹងបញ្ចប់ការសាងសង់រោងចក្រដំឡើងរថយន្ត នៅដើមឆ្នាំ២០២៤ ដែលអាចមានសមត្ថភាពបង្កើតការងារបន្ថែមជូន ដល់ប្រជាពលរដ្ឋប្រមាណ១៥០កន្លែងបន្ថែមទៀត ដែលធ្វើឲ្យចំនួនការងារក្នុងរោងចក្រដំឡើងយានយន្តកើនឡើង ដល់ប្រមាណជាង១,០០០កន្លែង។

ថ្វីត្បិតមានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងឧស្សាហកម្មយានយន្តកម្ពុជាក្តី លោកបណ្ឌិតប្រធានសហព័ន្ធ ក៏បានជម្រាបអំពីបញ្ហាប្រឈមនានា ដែលសមាជិក សមាជិការបស់សហព័ន្ធ បាននឹងកំពុងជួបប្រទះ ក្នុងប្រតិបត្តិការអាជីវកម្មផងដែរ ដែលតម្រូវឲ្យមានការគាំទ្រ និងសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមដោះស្រាយនូវកង្វល់របស់វិស័យឯកជន និងផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនអាចបន្តប្រតិបត្តិការអាជីវកម្ម និងចូលរួមក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មយានយន្ត ក្នុងប្រទេសកម្ពុជា ឲ្យរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់។

ជាការឆ្លើយតប រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់គណៈប្រតិភូសហព័ន្ធ និងបានឯកភាពតាមសំណើរបស់សហព័ន្ធ ឲ្យមានការរៀបចំជួបប្រជុំជាញឹកញាប់ផងដែរ ដើម្បីជំរុញកិច្ចសហការ និងរៀបចំគោលនយោបាយផ្នែកយានយន្ត ឲ្យកាន់តែមានប្រសិទ្ធភាព ឲ្យស្របតាមតម្រូវការជាក់ស្តែង និងការវិវឌ្ឍថ្មីៗនៅលើសកលលោក។ ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់សហព័ន្ធដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពបនែ្ថមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ប្រែក្លាយវិស័យយានយន្ត ឲ្យក្លាយជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យដទៃទៀត ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា៕