(កំពត)៖ សេវាកម្មស្នាក់នៅទេសចរណ៍នៅខេត្តកំពតបានកើនឡើងជាង៥ពាន់បន្ទប់ បើធៀបនឹងមុនពេលមានកូវីដ១៩ គឺកើនឡើងក្នុងអត្រាជាង១០០ភាគរយ ដែលអាចឱ្យភ្ញៀវទេសចរទៅលេងខេត្តដ៏មានសក្ដានុពលនេះមិនចាំបាច់ព្រួយរឿងខ្វះបន្ទប់គេងឡើយ។ នេះបើតាមលោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសទស្សនកិច្ចទេសចរណ៍ខេត្តកំពតនៅចុងខែតុលា ឆ្នាំ២០២៣ លោកប្រធាន សយ ស៉ីណុល បានឱ្យដឹងថា ខេត្តកំពតជាឋានសួគ៌នៃបាងហ្កាឡូ និងរីស៊ត ព្រោះនៅខេត្តនេះសម្បូរការវិនិយោគបង្កើតរមណីយដ្ឋាន និងបាងហ្កាឡូសម្រាប់ភ្ញៀវស្នាក់នៅលម្ហែ គួបផ្សំជាមួយសម្រស់ធម្មជាតិនៅជាប់មាត់សមុទ្រ ក្បែរជើងភ្នំ តំបន់ទឹកធ្លាក់ ព្រែក ជ្រលង ចម្ការជាដើម ដែលរំលេចបាននូវទេសភាពប្លែកៗស្រស់ត្រកាល អាកាសធាតុក៏អំណោយផល គួរទីជាសម្រាកលម្ហែសម្រាប់ភ្ញៀវទេសចរមកពីគ្រប់រាជធានី-ខេត្ត ក៏ដូចជាភ្ញៀវបរទេសផងដែរ។

លោកបានបន្តថា «កំណើនសេវាចុងក្រោយនេះហាក់ដូចជាមានការភ្ញាក់ផ្អើល ដោយសារមុនពេលមានកូវីដ ខេត្តមានសេវាកម្មស្នាក់នៅប្រមាណជាង២,០០០បន្ទប់ តែក្រោយពេលកូវីដនេះសេវាកម្មស្នាក់នៅបានកើនឡើងប្រមាណជាង៥,០០០បន្ទប់ មានន័យថាកើនឡើងជាង១០០ភាគរយ»។​

សណ្ឋាគារសាន់នី ជាសណ្ឋាគារទើបបង្កើតថ្មីមួយដែរ ដែលមានកម្ពស់ដល់ទី៧ជាន់ និងមាន៥៤បន្ទប់ធំទូលាយមានផាសុកភាព។ លោក ភាង សុខលី អ្នកចាត់ការទូទៅនៃសណ្ឋាគារសាន់នី បានបង្ហាញការស្វាគមន៍ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរ ជាមួយនឹងការរៀបចំបន្ទប់ស្នាក់នៅយ៉ាងប្រណីតៗ។

គួរជម្រាបថា ដើម្បីដើរលេងនៅខេត្តកំពតបានគ្រប់គោលដៅសំខាន់ៗ ភ្ញៀវទេសចរត្រូវចំណាយពេលច្រើនជាងមួយអាទិត្យឯណោះ ពីព្រោះគោលដៅទេសចរណ៍សំខាន់ៗទាំង៣៦កន្លែងនោះ មានទាំងរមណីយដ្ឋានទេសចរណ៍បែបច្នៃប្រឌិត បែបវប្បធម៌ ប្រវត្តិសាស្ត្រ បែបធម្មជាតិ បែបអេកូទេសចរណ៍ជាដើម។ លោកថា ខេត្តកំពតពោរពេញដោយទេសភាពប្លែកៗយ៉ាងស្រស់ត្រកាល តួយ៉ាងក្រុងកំពត តំបន់ភ្នំបូកគោ តំបន់ទឹកឈូ តំបន់ទំនប់ម្លេច តំបនភ្នំវល្លិ តំបន់វាលពួច តំបន់ភ្នំកំពង់ត្រាច តំបន់ភ្នំទឹក សហគមន៍ត្រពាំងព្រីង សហគមន៍ត្រពាំងសង្កែ ចម្ការម្រេច ចម្ការទុរេនជាដើម៕