(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្ដណែនាំ និងលើកទឹកចិត្ត ដល់អ្នកបង្កើតមាតិកាកម្សាន្ត ក្នុងបណ្តាញសង្គម និងសាធារណៈជនទូទៅ ជាពិសេសអ្នកបង្កើតវេទិកាជ្រកក្រោមវីដេអូអប់រំ ឲ្យងាកទៅបង្កើតមាតិកាកម្សាន្ដ ដែលជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ព្រមទាំងលើកកម្ពស់ស្រ្ដីភេទ និងកុមារ។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងវប្បធម៌នៅថ្ងៃនេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីណែនាំ និងលើកទឹកចិត្តអ្នកបង្កើតមាតិកាកម្សាន្ត ក្នុងបណ្តាញសង្គម និងសាធារណជនទូទៅលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ព្រោះថា បច្ចុប្បន្នសីលធម៌សង្គម ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីចរន្តសាកលភាវូបនីយកម្ម បច្ចេកវិទ្យាទំនើប ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយពុំបានគិតគូរ ដល់ផលប៉ះពាល់នានា ហើយពេលបច្ចុប្បន្ន ស្របជាមួយនឹងការផ្សព្វផ្សាយលើកតម្លៃសីលធម៌សង្គម នៅមានកម្រិត។

លោក ហាប់ ទូច បានថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី «ការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌សង្គមតាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វ ផ្សាយសង្គម» នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុងចរន្តនៃការចាប់យកប្រព័ន្ធព័ត៌មានវិទ្យាដ៏ទំនើប នាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាននិងកំពុងប្រើប្រាស់បណ្តាញព័ត៌មានសង្គមមាន Facebook, TikTok, YouTube, Instagram, Telegram ដើម្បីជាមធ្យោបាយភ្ជាប់ទំនាក់ទំនងគ្នា ជាវេទិកាជជែកកំសាន្ត ជាប្រភពទទួល និងចែករំលែកព័ត៌មាន រូបភាព វីដេអូ ព្រមទាំងអាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផល និងសេវាកម្មផងក៏មាន។

លោកបានបន្ដថា ជាការពិតណាស់ថា ការរីកចម្រើននៃបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាផ្នែកឌីជីថល ក្នុងសកលលោកជួយឲ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គមកាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គម កាន់តែមានភាពងាយស្រួល ព្រមទាំងមានប្រយោជន៍ សម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបានបន្ដថា ជាមួយភាពល្អប្រសើរនោះ បញ្ហាប្រឈមមួយចំនួនក៏កើតឡើងមាន គួរឲ្យព្រួយបារម្ភដូចជា ការបំប្លែងព័ត៌មានខុសការពិត នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងសិទ្ធិបុគ្គល ពិសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយរូបភាពដែលមានខ្លឹមសារប៉ះពាល់ ដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។

លោកបានបញ្ជាក់ថា ដែលបញ្ហាទាំងនេះ បណ្តាលមកពីអ្នកប្រកបអាជីវកម្មអនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិតវីដេអូខ្លីមួយចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែករំលែកនូវស្នាដៃដែលមានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាក ពីក្រមសីលធម៌សង្គម។

លោក ហាប់ ទូច បានបន្ដថា គោលបំណង និងភាពចាំបាច់នាពេលបច្ចុប្បន្ន តម្រូវឲ្យមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាគិតគូររិះរកវិធាននានា ជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។ ក្នុងនោះយើងមិនអាចដាក់ចេញនូវវិធានការណាមួយ រារាំងដល់ការបង្កើតថ្មី ការបញ្ចេញនូវមតិយោបល់ តាមរយៈការផលិតវីដេអូ ឬមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត តាមបណ្តាញសង្គមនោះទេ។

លោកបានបន្ថែមថា «ទោះជាយ៉ាងណាយើងក៏គួរមានវិធានការ សមស្របណាមួយ ទប់ស្កាត់ផលប៉ះពាល់ទៅលើសិទ្ធិបុគ្គល ភាពផូរផង់នៃវប្បធម៌ប្រពៃណី ក៏ដូចជាសន្តិសុខជាតិ។ ការលើកតម្លៃវប្បធម៌ និងសីលធម៌សង្គម គឺទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងដោយត្រូវប្រើប្រាស់គ្រប់មធ្យោបាយដែលមាន»

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងថា «កម្មវិធីថ្ងៃនេះរៀបចំឡើងដើម្បីណែនាំ និងលើកទឹកចិត្តអ្នកបង្កើតមាតិកាកម្សាន្ត ក្នុងបណ្តាញសង្គម ពិសេសអ្នកបង្កើតវេទិកា ជ្រកក្រោមពាក្យវីដេអូអប់រំ ដែលមិនស្ថិតក្នុងតម្លៃអប់រំ ថែមទាំងប៉ះពាល់សីលធម៌សង្គមយ៉ាងខ្លាំង ពិសេសទៅលើស្ដ្រី និងកុមារ ដែលរងផលប៉ះពាល់ បន្ទាប់ពីបានមើលវីដេអូខ្លី និងវេទិកាកម្សាន្ដទាំងអស់នេះ។ ដូច្នេះក្នុងន័យនេះ ក្រសួងវប្បធម៌ បានរៀបចំសិក្ខាសាលានេះ ដើម្បីអញ្ជើញផលិតករ អ្នកសិល្បៈក្រៅប្រព័ន្ធ ក៏ដូចជាអ្នកផលិតមាតិកា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បញ្ជ្រាបចំណេះដឹងនានាជាដើម»