(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនជនជាតិចិន២នាក់ ដោយរឹបអូសបានថ្នាំញៀនជាង៤គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីគនរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានស្រាវរហូតឈានទៅបង្ក្រាបករណី រក្សាទុក-ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅ០២គោលដៅផ្សេងគ្នា៖ គោលដៅទី០១ បណ្តោយផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងគោលដៅទី០២ ខុនដូរហ៊ួយវ័ន ជាន់ផ្ទាល់ដី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ជនល្មើសដែលឃាត់ខ្លួនបានរួមមាន ឈ្មោះ LIU HAN TING ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត២០០០ និងឈ្មោះ LIN YU QIN ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩០។ សម្រាប់វត្ថុតាងដែលរឹបអូសបានរួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់១២,៣៦ក្រាម និងគ្រឿងញៀន ប្រភេទកេតាមីន(KETAMINE) ទម្ងន់៤០០៤ក្រាម (៤គីឡូ និង៤ក្រាម)។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ៕