(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វារ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួកគាត់ ប្រមាណ១០ករណី ដែលពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលារៀន ករណីបាត់គោ និងការសុំបង្ក្រាបល្បែងស៊ីសងជាដើម។

ការលើកឡើងជាសំណើ និងសំណូមពរខាងលើនេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងផ្សារ OCIC ខណ្ឌជ្រោយចង្វា។

វេទិកានេះ ប្រជាពលរដ្ឋបានសំណូមឲ្យជួយដោះស្រាយ រឿងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ ចេញប្លង់រឹងឲ្យហើយ ពួកគាត់យកទៅបង់ពន្ធខាងពន្ធដារថា មិនត្រឹមត្រូវ។ ពលរដ្ឋសូមជួយ ដោះស្រាយបញ្ហាលិចលង់ភូមិដ្ឋាន។ សូមជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់។ ពលរដ្ឋអ៊ីស្លាមសូមចតទូកឲ្យបានសមរម្យ។ អ្នកគ្រូនៅវិទ្យាល័យព្រែកលៀប សូមដោះស្រាយបញ្ហា នៅក្នុងសាលា រឿងសាលាជំនាន់ថ្មី និងជំនាន់ធម្មតា មិនមានតម្លាភាពជាមួយគ្នា សូមជួយអន្តរាគមន៍រឿងបាត់គោ ដែលចោរយកទៅកាប់សាច់។ សូមស្ថាបនាផ្លូវ សូមដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវ និងការសូមការបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិជាដើម។

រាល់សំណើ និងសំណូមពរផ្ទាល់មាត់ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានលោក ឃ្លាំង ហួត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ ជូនបងប្អូនប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុប ចំនួន៥៣៩នាក់ ស្រី១៣៦នាក់ ផ្ទាល់មាត់ ចំនួន១៤នាក់ ស្មើ១៦បញ្ហា និងជាលាយលក្ខណ៍អក្សរ ចំនួន២៦ច្បាប់។

ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋ បានស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ ដោយឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការដោះស្រាយ។ ចំពោះសំណើរសុំកសាងហេដ្ឋាចរនាសម្ព័ន្ធខ្លះ ដែលត្រូវប្រើប្រាស់ថវិកាច្រើន លោកសូមឲ្យបងប្អូនរង់ចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងជូនភ្លាម។ ដោយឡែកចំពោះការស្នើសុំបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះលោកសូមឲ្យកម្លាំងប៉ូលីសខណ្ឌ និងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ៕