(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយរដ្ឋមន្ត្រី អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស បានដង្ហែរអង្គកឋិនសាមគ្គីមួយ ទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធសីមាវត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅក្នុងឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានគ្រោងដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធសីមាវត្តចំនួន ៩វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត, ខេត្តកណ្តាលមានចំនួន ៥វត្ត និងខេត្តកំពង់ស្ពឺ មានចំនួន១វត្ត ហើយការដង្ហែរបុណ្យអង្គកឋិនទានមកកាន់វត្តត្រំពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺនាពេលនេះ គឺជាវត្តទី២ហើយបន្ទាប់ពីវត្តតុំ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យសង្កត់ត្រ័យ សម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាមវត្តត្រពាំងវែង មានចំនួន ១០០លានរៀល និងបច្ច័យអមត្រ័យរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត មានចំនួន ១៩លាន ៦០ម៉ឺនរៀល សរុបបច្ច័យទាំងអស់មានចំនួន ១១៩លាន ៦០ម៉ឺនរៀល និងបានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃក្រាលគ្រង គ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ ក្នុង១អង្គៗចំនួន ៤០ម៉ឺនរៀល។

បន្ទាប់មក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយសហការី និងមន្ត្រីអាជ្ញាធរដែន បានអញ្ជើញកាត់ខ្សែបូរបើសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ចំនួន២ខ្នង មានចំនួន១០បន្ទប់ និងបន្ទប់ទឹក ចំនួន២ខ្នង មាន៨បន្ទប់ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុនសែន ស្ថិតក្នុងសាលាបឋមសិក្សាវត្តត្រពាំងវែងផងដែរ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុងគងពិសី ខេត្តកំពង់ស្ពឺ តាមរយៈឯកឧត្តម និងលោកជំទាវ ដើម្បីបង្ខិតសាលារៀនឲ្យមកនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋ និងលើកកំពស់វិស័យអប់រំ។

កិត្តិបណ្ឌិត បានលើកឡើងថា រាល់សមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំ ស្រុក ខេត្តកំពង់ស្ពឺយើងនាពេលនេះ ក៏ដូចជានៅទូទាំងប្រទេស កកើតឡើងស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់ជាលំដាប់។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេស នេះសបញ្ជាក់ឲ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្ដាសុខសន្តិភាព ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤៤ កន្លងមកនេះ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា «សុខសន្តិភាព គឺពិតជាមានតម្លៃខ្លាំងក្លាណាស់នាពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារឲ្យបាន កាលណាគ្មានសន្តិភាព ប្រទេសជាតិមានសង្គ្រាម យើងមិនមានលទ្ធភាពក្នុងការកសាងអភិវឌ្ឍជាតិបាននោះទេ»

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានឧបត្ថម្ភដល់សាលាស្រកគងពិសី ថវិការ ២លានរៀល ឃុំព្រះនិព្វាន្ត ៥០ម៉ឺនរៀល និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី និងលោកជំទាំវ ពេជ ច័ន្ទមុនី ជាច្រើន ប្រគេនព្រះសង្ឃ ចែកជូនគណៈកម្មការអាចារ្យ សីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕