(បាត់ដុះបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ខេត្តបាត់ដំបង ត្រៀមរៀបចំបុណ្យផេ្សងៗជាច្រើនទៀត នៅមុនដំណាច់ឆ្នាំ២០២៣នេះ។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារចាំបាច់ របស់រដ្ឋបាលខេត្តបាត់ដំបង បន្ទាប់ពីការងារបុណ្យអុំទូកខេត្ត ឆ្នាំ២០២៣ បានបញ្ចប់។
លោក សុខ លូ បានសំណេះសំណាល និងថ្លែងអំណរគុណដល់ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ដែលបានចូលរួមយ៉ាងពេញទំហឹង ជួយដល់ដំណើរការក្នុងការរៀ
បចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង ឲ្យមានដំណើរការរលូន ពោពេញដោយភាពសប្បាយរីករាយ អធិកអធម និងទទួលនូវភាពជោគជ័យគួរជាទីមោទនៈ។
លោកថា បើទោះបីជាមានកង្វះខាតខ្លះៗក៏ដោយ ប៉ុន្តែសង្ឃឹមថាឆ្នាំក្រោយនឹងកែប្រែ និងបំពេញនូវការខ្វះចន្លោះ ដើម្បីឲ្យពិធីនេះកាន់តែមានភាពប្រសើរឡើង។
បន្ទាប់ពីពិភាក្សាលទ្ធផលក្រោយរៀបចំពិធីបុណ្យអុំទូករួចមក លោកបន្តថា រដ្ឋបាលខេត្តនឹងរៀបចំបុណ្យឯករាជ្យជាតិនៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះ ស្នើឲ្យមន្ត្រីរាជការតាមមន្ទីរ អង្គភាព កងកម្លាំងនិមួយៗត្រៀមខ្លួន និងឯកសណ្ឋានក្នុងការចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោកបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីដាល់អំបុក និងអកអំបុកដែលប្រារព្ធធ្វើនៅក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យមកចូលរួមទស្សនា ស្វែងយល់ពី ប្រពៃណី វប្បធម៌ និងដំណើរការក្នុងការដាល់អំបុករបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាល និងដើម្បីស្រស់ស្រូបព្រមទាំងភ្លក់រសជាតិនៃអំបុកស្រូវថ្មី ក្នុងខេត្តបាត់ដំបងផងដែរ៕