(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែងកាស៉ីណូខុសច្បាប់មួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធលបលួចបើកដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់លក្ខណៈកាស៊ីណូ (ដោយគ្មានច្បាប់អនុញ្ញាត) នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងឈ្មោះ «ការកម្សាន្តក្រោន (Crown Entertainment)» ផ្លូវ៧៨ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធនីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៨៣នាក់ ស្រី៥៨នាក់ (ជនជាតិចិន១១នាក់ ស្រី០៤នាក់ និងជនជាតិវៀតណាម ០២នាក់ ស្រី០១នាក់)។
ក្នុងសមត្ថកិច្ចដកហូតបាន ទូរហ្គេមកំសាន្ត ចំនួន១ទូរ, ទូរហ្គេមបាញ់ត្រីដៃដប់ ចំនួន៣ទូរ, តុបៀបាការ៉ាត់ ចំនួន២តុ, តុបៀនីវនីវ ចំនួន៨តុ, តុរ៉ូឡែតដៃ ចំនួន១តុ និង តុ POKER ចំនួន១តុ។ ដោយទីតាំងខាងលើបានត្រូវផ្តាច់ចរន្តអគ្គីសនី ដូចនេះ កម្លាំងចម្រុះសម្រេចនាំយកមនុស្សទាំង៨៣នាក់ខាងលេី ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មជាបណ្តោះអាសន្ន។ ដោយឡែកចំពោះសម្ភារវត្ថុតាង ក្រុមការងារសម្រេចបន្តនិតិវិធី៕