(ស្វាយរៀង)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ២៩ខ្នង ក្នុងខេត្តស្វាយរៀង បានរងការខូចខាតដោយរលំ និងរបើកដំបូលបង្កឡើងដោយភ្លៀងខ្យល់កន្ត្រាក់ ប៉ុន្តែករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិតដល់មនុស្សសត្វទេ។

យោងតាមអាជ្ញាធរខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីនៅវេលាម៉ោង ៤៖៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ និងរបើកដំបូលចំនួន២៩ខ្នង ក្នុងខេត្តស្វាយរៀង ក្នុងនោះនៅស្រុកចន្ទ្រា៤ខ្នង និងស្រុកស្វាយទាប១ខ្នង ស្រុកកំពង់រោទិ៍មាន២៤ខ្នង មាននៅឃុំស្វាយយាន ស្រុកកំពង់រោទិ៍២០ខ្នង និងឃុំខ្សែត្រ៤ខ្នង ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរខេត្តស្វាយរៀង អំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ជាយថាហេតុផងដែរ៕