(កំពង់ចាម)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មានសារព័ត៌មានមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ បានធ្វើការចែកចាយវីដេអូឃ្លីបបង្ហាញពីសកម្មភាពកំពុងបំពេញភារកិច្ច របស់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីបុណ្យអុំទូក «ង» តាំងពិព័រណ៍ផលិតផល និងបណ្ដែតប្រទីប ក្នុងក្រុងកំពង់ចាម។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរយៈសេចក្ដីបំភ្លឺព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងថ្ងៃដ៏អធិកអធមនេះមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង៣៥ម៉ឺននាក់ ដូច្នេះស្នងការដ្ឋានបានអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងកម្លាំង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរៀបចំ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ ទាំងកិច្ចការពារសន្តិសុខ ទាំង ការរៀបចំសណ្ដាប់ធ្នាប់ និងការជួយសង្គ្រោះដល់កីឡាករជាដើម។

ដោយឡែកនៅថ្ងៃទី២៩ ខែតុលា សមត្ថកិច្ចបានធ្វើការបញ្ចៀសមធ្យោបាយ (រថយន្ត និងម៉ូតូ) បង្វែទៅផ្លូវផ្សេងជៀសវាងការកកស្ទះ ដោយទុកឲ្យថ្មើរជើងធ្វើដំណើរក្នុងបរិវេណទីតាំងប្រារព្ធពិធី ស្រាប់តែមានបុរសម្នាក់ អះអាងថា ខ្លួនជាអ្នកសារព័ត៌មានប្រើប្រាស់មធ្យោបាយ (ម៉ូតូ) ជិះចុះជិះឡើងបង្កការរំខានសមត្ថកិច្ច កំពុងបំពេញភារកិច្ចនៅគោលដៅក្រោមស្ពាន ដែលជាទីតាំងមួយ ធ្លាប់មានការកកស្ទះកំឡុងពេលពិធីកំសាន្តនេះនៅឆ្នាំមុនៗកន្លងមក។

ជាមួយគ្នានេះ បុរសម្នាក់នេះបានព្យាយាម ផ្សាយបន្តផ្ទាល់ (Live) បង្ហោះដើម្បីផលចំណេញប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយមកវិញ គាត់បានប្រើប្រាស់ពាក្យ ពេចន៍អសុរោះវាចាមើលងាយ សមត្ថកិច្ចដែលខិតខំប្រឹងប្រែង បំពេញភារកិច្ច និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ មិនថាវេលាយប់ ឬវេលាថ្ងៃ មិនថាអាកាសធាតុក្តៅ ត្រជាក់ ភ្លៀងធ្លាក់ ឬកណ្ដាលទន្លេនោះឡើយ ដោយសម្អាងថាគាត់មានទីលំនៅនៅទីតាំងនេះ។

ក្រោយពីមានការណែនាំពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងសហការស្រាវជ្រាវពីសមត្ថកិច្ច ម្ចាស់ទំព័រហ្វេសប៊ុកនេះ បានធ្វើការលុបរូបវីដេអូនេះ តែមានអ្នកប្រើប្រាស់មួយចំនួន នៅតែបន្តការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានការពិចារណា និងគ្មានមូលដ្ឋានច្បាស់លាស់ ហេតុនេះសមត្ថកិច្ចសូមអំពាវនាវដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែកចាយព័ត៌មានខាងលើ៕