(ភ្នំពេញ)៖ លោក លី សុផាណា មន្រ្តីជាន់ខ្ពស់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា គិតត្រឹមម៉ោង ៧៖០០នាទីថ្ងៃទី១៦ ខែសីហានេះ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មនុស្សនៅស្តាម៉ាត ក្បែរផ្សាររាត្រី ត្រូវបានសម្រេចបញ្ជូន ទៅដល់ទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញវិញសិន ដើម្បីបំពេញបែបបទ ហើយនឹងបញ្ជូនទៅចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃស្អែកបន្ត ដើម្បីចាត់ការតាមនីតិវិធី។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។
កាលពីរសៀលថ្ងៃមិញ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា «ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារនិងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារងបានសម្រេចបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ ផុន ភក្តី ពីបទ ហឺង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ»។ ចំណែកឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
បច្ចុប្បន្នសំណុំរឿង និង ជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬ មិនឃុំខ្លួន ជនត្រូវចោទទាំង៣នាក់៕