(ភ្នំពេញ)៖ ការស្វះស្វែងរកការវិនិយោគពីបរទេស គឺជានយោបាយដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនីតិកាលថ្មីនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវទទួលភារកិច្ចខ្ពស់ជួយ រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងជួយសម្របសម្រួលលើកិច្ចការវិនិយោគនេះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែតុលា កន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការងារអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិនហើយនោះ ក៏បានឆ្លៀតបន្តដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិន ដើម្បីស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនទាំងនោះមកកាន់កម្ពុជា។
ក្នុងរយៈពេលទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន។ ក្នុងជំនួបជាមួយក្រុមហ៊ុនទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិ យោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញសក្តានុពល និងលក្ខខណ្ឌអំណោយផលនានា ចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបំពេញទស្សនកិច្ច និងជួបជជែកលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជានោះរួមមាន៖ ក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS), ក្រុមហ៊ុន Huawei, ក្រុមហ៊ុន Xinyi Energy, ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD, ក្រុមហ៊ុន Guangzhou Metro Group, ក្រុមហ៊ុន Yuexiu,ក្រុមហ៊ុនផលិតកង់រថយន្ត Wanli Tires, ក្រុមហ៊ុន BUCG, និងក្រុមហ៊ុន CCCC ជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅចិននេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី GICI ស្ថិតក្នុងទីក្រុងក្វាងចូវ អញ្ជើញជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកលក្នុងទីក្រុងហ្សិនជិន, អញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (FCSSC) ស្វែងយល់ពីកិច្ចការងារសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតនៅកម្ពុជា។
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍ទាំង៤របស់ប្រទេសចិន ក្នុងរដ្ឋធានីប៉េកាំង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីបានស្តាប់ការពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគ សក្តានុពល និងឱកាសផ្សេងៗ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រុមហ៊ុនដ៏ធំរបស់ចិននេះ គ្រោងវិនិយោគជាមួយទុនប្រមាណ ៥០០លានដុល្លារ ហើយកំពុងពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕