(ភ្នំពេញ)៖ ក្នុងគោលបំណងដាស់តឿនក្រើនរំលឹកដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំថា ធ្វើជាមន្ត្រីបម្រើប្រជាពលរដ្ឋ មិនត្រូវអនុវត្តផ្ទុយពីគោលបំណង និងឆន្ទះដើមរបស់ខ្លួន ដែលដាក់ចិត្តកាយបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីនៅមូលដ្ឋាននោះឡើយ ហើយដើម្បីឲ្យក្លាយជាមន្ត្រីល្អ ត្រូវខិតខំសិក្សារៀនសូត្រដុសខាត់ចំណេះដឹងឲ្យមានសមត្ថភាពគ្រប់គ្រាន់នោះ ទើបជាមន្ត្រីដែលមានគុណភាព។

លោក កើត ឆែ បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលលោកតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំ វគ្គបណ្តុះបណ្តាលស្តីពី ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដោយមានការអញ្ជើញ ជាគ្រូឧទ្ទេសលោក ចាយ ច័ន្ទតារាវណ្ណ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងអមដោយមេធាវីលោកស្រី ខៀវ សុខា និងលោក ឈិត វិនា ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

អភិបាលរងរាជធានីភ្នំពេញ បានថ្លែងទៀតថា អស់លោក លោកស្រីចំណាយពេលមកចូលរួមវគ្គបណ្តុះបណ្តាល «ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលា» គឺជាការចូលរួមអនុវត្តលើកកំពស់ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការ ដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។

លោកបន្តទៀតថា «វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺស្ថិតលើទិដ្ឋភាព ដែលពាក់ពន្ធ័នឹងការពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរចំពោះការសម្របសំរួលជ្រើសរើស ប្រធានបទ «ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧»

លោកបន្តថា ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទ តាមសមត្ថកិច្ចរៀងៗខ្លួន ចៅក្រម មេធាវី ប៉ុន្ដែពួកគាត់បានតម្កល់ផលប្រយោជន៍សមូហភាពជាធំ និងមានឆន្ទៈខ្ពស់ក្នុងការចែករំលែកចំណេះដឹង លើការងារដោះស្រាយ វិវាទដល់អាជ្ញាធរមូលដ្ឋាន ក្នុងន័យចូលរូមកាត់បន្ថយឱ្យបានជាអតិបរមានូវវិវាទរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវសុខដុមនីយកម្មក្នុងសង្គម ក្រោមម្លប់ «សន្តិភាព»

សូមបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ/ សង្កាត់ ស្រុក/ ខណ្ឌ ខេត្ត/ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។

ថ្លែងផ្តាំផ្ញើដល់សិក្ខាកាមលោក កើត ឆែ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើក្រុមគោលដៅ ជាមន្ត្រីនៅថ្នាក់ភូមិ-សង្កាត់ ព្រោះថា ការដោះស្រាយវិវាទនៅថ្នាក់ភូមិ-សង្កាត់បានល្អប្រសើរ គឺជាការរួមចំណែកលើកកម្ពស់ការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ផងដែរ។

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីបាន អនុមត័នូវ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ។ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺបានឆ្លើយតបទៅនឹងគោលបំណងជាមូលដ្ឋាននោះ គឺការចំណេញពេលវេលា និងថវិកា ក្នុងការដោះស្រាយវិវាទ និងការធានានូវសុខដុម នីយ៏កម្មក្នុងសង្គម៕