(សៀមរាប)៖ ជណ្តើរត្រី គឺជាផ្លូវត្រីមួយដែលអាចឱ្យត្រីហែលឆ្លងកាត់ទៅផ្នែកខាងលើនៃទំនប់។ ជាក់ស្តែងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានសាងសង់ជណ្តើរត្រីទី១ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅមូលដ្ឋានភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជណ្តើរត្រីភូមិស្លែង ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥០០០គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។

បើតាមលោក ឡុក វួង មេឃុំស្រណាល ស្រុកក្រឡាញ់ បានថ្លែងថា ក្នុងនាមលោកជាមេឃុំ មានការសប្បាយត្រេកអរយ៉ាងខ្លាំងក្រោយទទួលបានជណ្តើរត្រី ហើយជំណ្តើរត្រីនេះបានផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់ឱ្យត្រីគ្រប់ប្រភេទអាចឡើងពងកូន នៅតាមតំបន់ផ្សេងៗបាន។ ជាពិសេសជណ្តើរត្រីនេះមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រណាលនេះ។

«សហគមន៍យើងខ្ញុំត្រេកអរខ្លាំងណាស់ ក្រោយមានការសាងសង់ជណ្តើរត្រីនេះ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយទំនុកបម្រុង ជាពិសេសការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផលនេះ ដែលធ្វើឱ្យឃុំរបស់ខ្ញុំនេះរឹតតែមានធនធានត្រី សម្រាប់ផ្តល់នូវអាហារបរិភោគដល់ប្រជាជននៅក្នុងមូលដ្ឋាន»។

លោកមេឃុំស្រណាលរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានការជណ្តើរត្រីនេះ ក្នុងនាមជាអាជ្ញាធរឃុំនឹងបង្កើតគណៈកម្មការគ្រប់គ្រងជណ្តើរត្រី ដើម្បីធ្វើយ៉ាងណាអភិរក្សត្រីនៅក្នុងដងស្ទឹងដែលហូរកាត់មូលដ្ឋានឃុំស្រណាលនេះ។

«យើងសង្ឃឹមថា តាមរយៈការសាងសង់ជណ្តើរត្រីនេះ នឹងធ្វើឱ្យធនធានជលផលនៅក្នុងមូលដ្ឋានលោកនឹងកើនឡើង ជាពិសេសត្រូវដែលជិតផុតពូជវាអាចនឹងត្រូវបានកើនឡើងវិញ។ កាលណាខ្ញុំបង្កើនគណៈកម្មការគ្រប់គ្រងជណ្តើរត្រី និងអភិរក្ស យើងត្រូវកំណត់ដោយជំនាញជលផល ដើម្បីកំណត់តំបន់អភិរក្ស និងតំបន់អាចនេសាទត្រីបាន»

លោក ប៊ឹង ប៊ាន មេភូមិស្លែង បានបង្ហាញការសប្បាយរីយរាយយ៉ាងខ្លាំងដែលទទួលបានការសាងសង់ជណ្តើរត្រីលើកដំបូង ហើយនេះជាលើកទី១ ដែលលោកបានឃើញជណ្តើរត្រី នៅក្នុងមូលដ្ឋានរបស់លោក។ លោកមានជំនឿថាតាមរយៈការពន្យល់ពីក្រុមអ្នកជំនាញសបញ្ជាក់ថា ជណ្តើរត្រីនេះមានសារៈប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋពលរដ្ឋក្នុងមូលដ្ឋាន ខណៈជណ្តើរត្រីនេះ វានឹងក្លាយជាផ្លូវមួយដ៏សំខាន់សម្រាប់ឱ្យប្រភេទត្រីផ្សេងៗទៀតអាចឡើងទៅពងកូននៅតាមតំបន់ផ្សេងៗទៀតជាដើម។

លោក ប៊ឹង ប៊ាន បានបញ្ជាក់ថា ទីតាំងជណ្តើត្រីនេះក៏នឹងក្លាយជាតំបន់ទេសចរណ៍មួយក្នុងតំបន់តាមការមកទស្សនាដោយផ្ទាល់នៅទីតាំងព្រោះថាពលរដ្ឋគាត់ចង់ឃើញជណ្តើរត្រី ដែលជាជណ្តើរត្រីទី១ ត្រូវបានសាង់សងនៅក្នុងប្រទេសកម្ពុជា។

«ចាប់ពីបានជណ្តើរត្រីនេះមកខ្ញុំឃើញប្លែក គឺត្រីមានការកើនឡើង ដោយបានកត់សម្គាល់ឃើញថាមានប្រភេទត្រីជាច្រើនបានឡើងចុះតាមរយៈជណ្តើរត្រីនៅភូមិស្លែងយើងនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ប៊ឹង ប៊ាន។

លោកស្រី កន សាលឿង ជាប្រជាពលរដ្ឋរស់នៅភូមិស្លែង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានស្ថាបនាជណ្តើរត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យចំនួនត្រីនឹងកើនឡើងតាមរយៈជណ្តើរត្រីនេះជាដើម។

លោកស្រី កន សាលឿង បានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលគាត់ រួមជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំស្រណាល ស្រុកក្រឡាញ់ ព្រមទាំងប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត បានស្គាល់អ្វីដែលហៅថាជាជណ្តើរត្រី។ តាមរយៈជណ្តើរត្រីនេះនឹងធ្វើឱ្យតំបន់របស់លោកស្រីសម្បូរត្រីឱ្យកាន់ច្រើនបន្ថែមទៀត ជាពិសេសនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕