(ស្វាយរៀង)៖ ជនបង្កដែលបើករថយន្ដបុកមន្ដ្រីនគរបាល ពេលកំពុងឈរបំពេញការងារពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវឃាត់ខ្លួនបានហើយបន្ទាប់ពីគេចខ្លួនក្រោយបង្កហេតុ។

អ្នកបើករថយន្ដបង្ក ដែលចាប់ខ្លួនបានឈ្មោះ ប្រាក់ ឯមសារ៉ាវុធ អាយុ២៩ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ខណៈជនរងគ្រោះ ឈ្មោះ នាង សុខនរ៉ា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យកាល់ម៉ែត។

ដោយឡែក សម្រាប់រថយន្ដបង្កម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BR-5841។ បន្ទាប់ពីឃាត់ខ្លួនទាំងមនុស្ស និងរថយន្ដ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕