(ប៉ៃលិន)៖ សាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បានបន្តចុះពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់លក់នៅតាមគេហដ្ឋាននីមួយៗ ស្ថិតនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា និងភូមិអូច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយរកឃើញមន្ដ្រីកាំកុងត្រូវ បានរឹបអូសផលិតផល ម្ហូបអាហារខូចគុណភាព ហួសរយៈពេលប្រើប្រាស់ បានមួយចំនួនធំ ផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប្រាប់ភ្នាក់ងារ Fresh News ថា «សាខាកាំកុងត្រូលខេត្តប៉ៃលិន តែងតែចុះពិនិត្យទំនិញជារៀងរាល់ខែ នៅតាមផ្សារនិងនៅតាមតូប លក់ទំនិញ ទូទាំងខេត្ត ជាបន្តបន្ទាប់ក្នុងគោលបំណង ពិនិត្យមើលទំនិញដាក់តាំងលក់ ដែលហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព មិនមានស្លាកសញ្ញាត្រឹមត្រូវ ពុំមានសំបកវិចខ្ចប់ត្រឹមត្រូវ និង ទំនិញមិនមានច្បាប់អនុញ្ញាតិ ហើយសាខាកាំកុងត្រូល តែងតែដកហូតនូវទំនិញ ដែលហួសសុពលភាព និងខូចគុណភាព យកទៅរក្សាទុកដើម្បីធ្វើការកំទេចចោល ក្នុងការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា»។
លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា សូមអាជីវករទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យ មើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញហួសកំណត់ដកហូត ដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន ដែលកត្តាទាំងនេះ ហើយជាបញ្ហាប្រឈមបំផុត ព្រោះថា ទោះបីទំនិញនោះ មិនទាន់ហួសកាលកំណត់ប្រើប្រាស់ក៏ដោយ ក៏ទំនិញនោះនឹងខូចគុណភាព បើមិនបានយកចិត្តដាក់ទុកសំអាត និងថែទាំឲ្យបានល្អទេ សាខាកាំក្រុងត្រូលនឹងដកហូតទុក។
បន្ថែមពីនេះ លោក ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះចូលរួម និងយល់អំពីការមើលទំនិញដែលខូចគុណភាព ហួសសុពលភាព គឺដើម្បីថែរក្សាសុខភាព និងប្រាក់កាកដែលខិតខំប្រឹងប្រែងរកចិញ្ចឹមជិវិតនិងគ្រួសារ ហើយលោកបានសង្កត់ធ្ងន់ថា បើសិនអាជីវករទាំងអស់មិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូលទេនឹងត្រូវធ្វើទៅតាមច្បាប់។
សូមបញ្ជាក់ថា ក្នុងពេលចុះត្រួតពិនិត្យទំនិញនៅតាមតូបនីមួយៗ មន្ត្រីជំនាញ បានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ថា កុំយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ ជាពិសេស មីកំទិចតូចៗ ទឹកខ្មេះរូបទន្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង គឺហាមលក់នៅលើទីផ្សារ និងតាមតូបដាច់ខាត៕