(បាងកក)៖ ស្ត្រីជនជាតិខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននឹងរឹបអូសបានបារីក្លែងក្លាយជាច្រើន គិតជាទឹកប្រាក់ ៦,៦លានបាត បន្ទាប់ពីស្ត្រីរូបនេះ បានព្យាយាមរត់ពន្ធចូលប្រទេសថៃតាមច្រក Khlong Hat នៃខេត្តស្រះកែវ ជាប់ព្រំដែនប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Bangkokpost នាល្ងាចថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។
ទាហានប៉ារ៉ាប្រទេសថៃ បានធ្វើការស្ទាក់ចាប់បានបារីក្លែងក្លាយខាងលើនេះ នៅតាមដងផ្លូវ Sripen បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់ និងស្ត្រីម្នាក់ បានព្យាយាមនាំយកកេសជាច្រើន នៅតាមព្រំដែនឆ្លងចូលមកក្នុងទឹកថៃកាលពីយប់ថ្ងៃចន្ទ។ ស្ត្រីខ្មែរដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Wi Raya អាយុ ៥៤ឆ្នាំ បានសារភាពថា ខ្លួនបានលួចនាំចូលបារី ១៨កេសស្មើនឹង ៩,០០០កញ្ចប់ ដែលក្លែងបន្លំម៉ាក ជាផលិតផលរបស់ថៃដូចជា Krong Thip, Failing Rain, និង Wonder ជាដើម។
លោក Ying Singhawiboon ប្រធានការិយាល័យនៃច្រកចេញចូលខេត្តស្រះកែវ បាននិយាយថា បារីខាងលើនេះមានតម្លៃ ៦,៦លានបាត ហើយ បច្ចុប្បន្ននេះស្ត្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន រង់ចាំចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕