Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ ត្រូវតុលាការចោទប្រកាន់ រឿងក្លែងបន្លំឯក​សារកេរ្តិ៍មរតក របស់ឪពុក

16-08-2016 18:25

(ភ្នំពេញ)៖ លោក អ៊ិត ណារិទ្ធ ឧត្តមសេនីយ៍ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ពាក់ព័ន្ធនឹង​ការទទួលកេរ្តិ៍មរតកពីឪពុក។

តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់ លោក ហ៊ីង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែល Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា តំណាងអយ្យការបានធ្វើការចោទប្រកាន់ ឈ្មោះ អ៊ិត ណារិទ្ធ និងបក្ខពួក ពីបទផ្តល់លិខិតបញ្ជាក់មិនពិត, ប្រើប្រាស់លិខិតបញ្ជាក់មិនពិត និង ផ្តល់សេចក្តីប្រកាសដោយភូតកុហុក ដែលរឿងនេះបានកើតឡើងនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥។

ដីកាសន្និដ្ឋានបានបញ្ជាក់ថា លោក អ៊ិត ណូឌី មានកូនពីរនាក់គឺ ឈ្មោះ អ៊ិត ណារិទ្ធ និង អ៊ិត ជេនជូរី ហើយលោកបានមករៀបការស្របច្បាប់ជាមួយ លោកស្រី ស៊ិន ចាន់ថាច ដែលមានកូនស្រី​ឈ្មោះ ស៊ិន សូផាវី។ ក្រោយពីឪពុកមា្តយទាំងពីរបានទទួលមរណភាព គាត់បានសរសេរបណ្តាំមរតកមួយឲ្យកូនទាំងបីជាតំណាង។ ប៉ុន្តែឈ្មោះ អ៊ិត ណារិទ្ធ មានចេតនាចង់បានប្រាក់ជា​មរតកក្នុងធនាគារតែម្នាក់ឯង បានឃុបឃិតជាមួយអាជ្ញាធរសង្កាត់បឹងទំពុនក្លែងឯកសារសាធារណៈ បញ្ជាក់ទទួលស្គាល់ខុសពីការពិតថា គាត់គឺជាកូនតែម្នាក់គត់ ដែលត្រូវទទួលមរតកនេះ។

យ៉ាងណាក៏ដោយ Fresh News នៅមិនអាចទំនាក់ទំនង លោក អ៊ិត ណារិទ្ធ ដើម្បីបំភ្លឺតាមការចោទប្រកាន់នេះ បាននៅឡើយទេនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ៕