(កំពត)៖ ខេត្តកំពតពោរពេញដោយទេសភាពប្លែកៗយ៉ាងស្រស់ត្រកាល តួយ៉ាងក្រុងកំពត តំបន់ភ្នំបូកគោ តំបន់ទឹកឈូ តំបន់ទំនប់ម្លេច តំបនភ្នំវល្លិ តំបន់វាលពួច តំបន់ភ្នំកំពង់ត្រាច តំបន់ភ្នំទឹក សហគមន៍ត្រពាំងព្រីង សហគមន៍ត្រពាំងសង្កែ ចម្ការម្រេច ចម្ការទុរេនជាដើម សុទ្ធតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសំខាន់ៗនៅក្នុងខេត្តនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា គោលដៅទេសចរណ៍ទាំង៣៦សំខាន់ៗ រួមនឹងមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តបានត្រៀមលក្ខណៈទទួលភ្ញៀវទេសចររួចជាស្រេច សម្រាប់ឱកាសពិធីបុណ្យអុំទូកនៅខេត្តកំពត នាថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាចុងខែវិច្ឆិកានេះ ព្រមទាំងពិធីបុណ្យសមុទ្រនៅខេត្តកែប នៅថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

លោកបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗទាំង៣៦កន្លែងនោះ មានទាំងរមណីយដ្ឋានទេសចរណ៍បែបច្នៃប្រឌិត បែបវប្បធម៌ ប្រវត្តិសាស្ត្រ បែបធម្មជាតិ បែបអេកូទេសចរណ៍ជាដើម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងឡាយសូមមកទស្សនាកម្សាន្តនៅតាមគោលដៅទេសចរណ៍ខេត្តកំពតឱ្យបានច្រើនកុះករ។

លោកប្រធានបន្តទៀតថា «ខេត្តកំពតត្រូវបានចាត់ទុកជាឋានសួគ៌បាងហ្កាឡូ ដោយសារតែចំនួនបាងហ្កាឡូក្នុងខេត្តមានចំនួនច្រើនណាស់ គួបផ្សំជាមួយសម្រស់ធម្មជាតិនៅជាប់មាត់សមុទ្រ ក្បែរជើងភ្នំ តំបន់ទឹកធ្លាក់ ព្រែក ជ្រលង ចម្ការជាដើម ដែលរំលេចបាននូវទេសភាពប្លែកៗស្រស់ត្រកាល អាកាសធាតុក៏អំណោយផល គួរទីជាសម្រាកលម្ហែសម្រាប់ភ្ញៀវទេសចរមកពីគ្រប់រាជធានី-ខេត្ត ក៏ដូចជាភ្ញៀវបរទេសផងដែរ»

លោក សយ ស៉ីណុល បានគូសបញ្ជាក់ថា ចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ក៏មានការកើនឡើងផងដែរនារយៈពេលក្រោយកូវីដ១៩ ដែលបានកើនឡើងដល់ជាង៥,០០០បន្ទប់ (កើនជាង១០០ភាគរយ) ឯណោះ។

លោក ភាង សុខលី អ្នកចាត់ការទូទៅនៃសណ្ឋាគារសាន់នី ក្រុងកំពត ក៏បានបង្ហាញការស្វាគមន៍ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរនាឱកាសបុណ្យធំៗខាងមុខដែរ ជាមួយនឹងការរៀបចំបន្ទប់ស្នាក់នៅយ៉ាងប្រណីត មានផាសុកភាព ត្រៀមបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មផ្សេងៗទៀត ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ។

លោក សុខលី បានបន្តថា «សណ្ឋាគារសាន់នីខ្ញុំក៏អាចរៀបចំដំណើរកម្សាន្តជូនភ្ញៀវទេសចរដែលទៅស្នាក់នៅសណ្ឋាគារយើងខ្ញុំ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗក្នុងខេត្តកំពតបានដែរ ដូច្នេះប្រសិនបើភ្ញៀវទេសចរចូលស្នាក់នៅសណ្ឋាគារសាន់ហើយ មិនទាន់មានគម្រោងទៅទស្សនានៅទីណា ឬមិនទាន់ស្គាល់គោលដៅដែលស្អាតៗសប្បាយៗ អាចទំនាក់ទំនងជាមួយសណ្ឋាគារយើងខ្ញុំបាន»

នៅរមណីយដ្ឋានទំនប់ម្លេច ក៏មានទេសភាពស្រស់ត្រកាលរំលេចបាននូវទស្សនីយភាពយ៉ាងច្រើនអនេកតាមរដូវកាល ដែលភ្ញៀវទេសចរតែងតែទៅដកយកបទពិសោធន៍នៅទីនោះដោយមិនចេះជិនណាយ។ ជាមួយនឹងការវិនិយោគបង្កើតរមណីយដ្ឋានទេសចរណ៍នៅជុំវិញតំបន់នោះ រឹតតែធ្វើឱ្យការបម្រើសេវាកម្មជូនភ្ញៀវទេសចរកាន់តែល្អប្រសើរ សម្បូរបែប និងពេញចិត្ត។

លោក ប៉ុង វណ្ណា ម្ចាស់រមណីយដ្ឋានទេសចរណ៍ Mlech Adventure ដែលនៅជាប់នឹងបឹងម្លេចនោះដែរបានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍របស់លោកមានបម្រើសេវាកម្មជាច្រើនដូចជា ការជិះម៉ូតូកង់បួនជុំវិញបឹង ជិះទូកកាណូតកម្សាន្តនៅលើបឹង ជិះទូកកៃយ៉ាក់នៅជិតៗតូបខ្យុះ មានទីលានបាញ់ធ្នូកម្សាន្ត ខ្យុះពិសាម្ហូបអាហារ ស្ពានបណ្ដែតទឹកដើរលេងកម្សាន្ត ទីលានបោះតង់ជិតមាត់ទឹកបរិយាកាសស្រស់ស្រាយ មានភោជនីយដ្ឋានបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ កាហ្វេ រីឯត្រីសាច់បន្លែដែលយកមកធ្វើម្ហូបអាហារ គឺទិញពលរដ្ឋដែលរកបានពីក្នុងភូមិដ្ឋាន បឹង ព្រៃភ្នំជាដើម ដែលម្ហូបអាហារសុទ្ធតែមានបញ្ជីតម្លៃត្រឹមត្រូវ។ ក្រៅពីនេះក៏មានសេវាកម្មរៀបចំការកម្សាន្តលក្ខណៈជាក្រុម ដែលភ្ញៀវជាក្រុមរបស់ក្រុមហ៊ុន សាលារៀន ឬអង្គភាពផ្សេងៗអាចកក់ឱ្យរៀបចំជូនបាន ខណៈទីតាំងគឺធំទូលាយ និងជាបណ្ដុំសេវាកម្មទេសចរណ៍សម្បូរបែប។

គួរជម្រាបថា ដើម្បីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សំខាន់ៗនៅខេត្តកំពត មន្ទីរទេសចរណ៍ខេត្តបានរៀបចំឱ្យមានទស្សនកិច្ចផ្សព្វផ្សាយមួយ ដោយមានការចូលរួមពីបណ្ដាទូរទស្សន៍ និងសារព័ត៌មានមួយចំនួននៅកម្ពុជា សំដៅធ្វើយ៉ាងណាបញ្ជូនព័ត៌មានពីវិស័យទេសចរណ៍នានាទៅកាន់ប្រជាពលរដ្ឋ ភ្ញៀវទេសចរឱ្យមានការចាប់អារម្មណ៍ក្នុងការទៅទស្សនាខេត្តកំពតនេះ។ ដំណើរទស្សនកិច្ចនេះមានរយៈពេល២ថ្ងៃ (២៨-២៩ ខែតុលា ឆ្នាំ២០២៣) ដែលបានទៅដល់រមណីយដ្ឋានទំនប់ម្លេច ជាប៉ូលទេសចរណ៍ដ៏សំខាន់ទី៣ប្រចាំខេត្តកំពត, ចម្ការម្រេចឡាផ្លេនថេសិន (La Plantation) ដែលជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវបរទេស,ដើរទស្សនាតាមទីក្រុងកំពត និងតាមមាត់ព្រែក, ណាតាយ៉ារីស៊ត ដែលនៅជាប់មាត់សមុទ្រយ៉ាងស្រស់ត្រកាល, តំបន់ទឹកឈូ ជាប៉ូលទេសចរណ៍សំខាន់ទី២ប្រចាំខេត្ត ក្នុងនោះក្រុមអ្នកព័ត៌មានបានចេញដំណើរពីភោជនីយដ្ឋានមីលាក់ខ្លួន ទៅកាន់រមណីយដ្ឋានដូងទេរ រមណីយដ្ឋានភូមិកំពត រមណីយដ្ឋានម៉ូលីរីស៊ត។ ក្រៅពីក្រុមអ្នកសារព័ត៌មានក៏បានដកស្រង់យកព័ត៌មាន រូបភាព វីដេអូនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន បាងហ្កាឡូ រីស៊ត និងគោលដៅទេសចរណ៍ផ្សេងៗទៀតដែរ៕