(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិសុខ និងអភិវឌ្ឍ និងជាអនុប្រធាន សាខាកាកបាទក្រហមយុវជនកម្ពុជាខេត្តសៀមរាបនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បាននាំយកអំណោយផ្ដល់ជូន គ្រួសារងាយរងគ្រោះ ៥០គ្រួសារ ក្នុងស្រុកបន្ទាយស្រី។
ក្នុងឱកាសនោះដែរ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានលើកឡើងថា ទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយភាពខ្វះខាត របស់បងប្អូនបាន មួយកម្រិតផងដែរ។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្ដែផ្ដាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះថា «ដោយរដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅជៀសវាងពី មូសខាំដែលអាចបង្កឲ្យកើតជម្ងឺគ្រុនឈាម»។
សូមបញ្ជាក់ថា អំណោយដែលលោកស្រីប្រធាន បានផ្ដល់ជូនក្នុងឱកាសនោះមាន មួយគ្រួសារទទួលបាន សារុង១ ក្រមា១ ទឹកដោះគោ១កំប៉ុង សាប៊ូលុច១ដុំ ថ្នាំដុះធ្មេញ១បំពង់ ច្រាសដុះធ្មេញ១ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ប្រេងឆា១ដប ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ស្ករស១កញ្ចប់ ប្រេងកូឡា១ដប អង្ករ២៥គីឡូក្រាម ភួយ១ អាវរងារ និងថវិកា៤០,០០០រៀល។ គួរបញ្ជាក់ថា នេះជាស្រុកទី១២ហើយ ដែលលោកស្រី បានចុះចែកជូនដោយផ្ទាល់ រយះពេល១២ថ្ងៃ សើ្ម១៥កន្លែង និងសរុបទាំងអស់៤៨៤គ្រួសារ ទូរទាំងខេត្តសៀមរាប៕