(កំពត)៖ កុមារី ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កុមារីរូបនេះបានបន្តចុះធ្វើការងារសប្បុរសធម៌ជាច្រើន នៅតាមស្រុកភូមិជាមួយម្ដាយរបស់ខ្លួន ដោយចុះទៅចែកអំណោយដល់ក្រុមគ្រួសារជួបនូវជីវភាពក្រីក្រជាបន្តបន្ទាប់។ សកម្មភាពទាំងនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង។

ថ្មីៗនេះ ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លោកស្រី ឈឺន ស្រីម៉ាច បានដឹកនាំក្រុមការងារ «មូលនិធិ ឡេងណាវ៉ាត្រា» យកអំណោយទៅចែកជូនដល់ជនក្រីក្រមួយចំនួន ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ នេះបើផ្អែកតាមផេករបស់មូលនិធិ។ ក្នុងនោះកុមារី ចាស្មីន ដែលមហាជនស្គាល់ថា ជាកូនស្រីច្បងអ្នកឧកញ៉ា ក៏ត្រូវបានអមដំណើរម្ដាយនាងប្រកបដោយស្នាមញញឹម ឥរិយាបទរម្យទម សុភាពរាបសារក្នុងស្មារតីមនុស្សធម៌។

តាមរយៈរូបភាពកុមារីម្នាក់នេះ ហាក់មិនប្រកាន់ខ្លួនឡើយ ដោយរូបគេស្លៀកពាក់ សាមញ្ញ ដូចក្មេងៗជនបទ ចុះដើរកាត់ វាលស្រែ ភក់ល្បាប់ មិនខ្លាចខ្ពើមរអើមឡើយ។ សកម្មភាពនេះ ត្រូវបានមហាជនកោតសរសើរជាខ្លាំង ដោយម្នាក់ៗលើកឡើងថា ក្មេងស្រីម្នាក់នេះ មានបេះដូងចែករំលែក មិនខុសពីឪពុកម្តាយនាងឡើយ ដូចពាក្យបុរាណពោលថា ​«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»

សូមបញ្ជាក់ថា អំណោយដែលមូលនិធិ ឡេងណាវ៉ាត្រា នាំយកទៅចែកជូននោះមានដូចជា អង្ករ ទឹកត្រី មី ត្រីខ ទឹកស៊ីអ៉ីវ ប៊ិច សៀវភៅ ការបូប និងថវិកាជាដើម៕