Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឈ្នះពានរង្វាន់ឆ្នើមពិភពលោក ក្នុងការខិតខំអនុវត្តគុណភាពពិភពលោក

16-08-2016 17:57

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបញ្ជាក់ថា CMAC ត្រូវបានជ្រើសរើសឲ្យទទួលបាន ពានរង្វាន់ឆ្នើមពិភពលោក ក្នុងការខិតខំអនុវត្តគុណភាពពិភពលោក (World Quality Commitment Award) បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើស ដោយគណៈកម្មការមកពីក្រុងបារីស ប្រទេសបារាំង ទីក្រុង New York សហរដ្ឋអាមេរិក ទីក្រុងម៉ាទ្រីត ប្រទេសអេស្ប៉ាញ។

លោក ហេង រតនា បានឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា ពានរង្វាន់ឆ្នើមពិភពលោក ក្នុងការខិតខំអនុវត្តគុណភាពពិភពលោកនេះ ត្រូវបានជ្រើសរើស ប្រកួតប្រជែងដោយក្រុមហ៊ុន និងអង្គភាពមកពី១១៩ប្រទេស ហើយជោគជ័យនេះ ជាមោទនភាពមួយរបស់កម្ពុជាផងដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានបញ្ជាក់ទៀតថា «យើងខ្ញុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីទៅទទួលពាននេះ នៅខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅទីក្រុងបារីស ប្រទេសបារាំង»។

លោក ហេង រតនា បានឲ្យដឹងទៀតថា CMAC ជាស្ថាបន័ជាតិ ដែលបានទទួលស្គាល់កំរិតគ្រប់គ្រង គុណភាពតាម ISO 9000-2002 ហើយអស់រយៈពេលជាង១២ឆ្នាំហើយ ដែល CMAC ទទួលបានការទទួលស្គាល់នេះ ជារៀងរាល់ឆ្នាំ តាមរយ:ការធ្វើសនវកម្មគុណភាពមកពីអន្តរជាតិ។ លើសពីនេះ CMAC ក៍បានទទួលប័ណ្ណសរសើរ ពីរដ្ឋាភិបាលជប៉ុន និងទីភ្នាក់កិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន លើកិច្ចសហប្រតិបតិ្តការល្អ ក្នុងការប្រកួតប្រជែងជាមួយអង្គភាពជាច្រើន ក្នុងសាកលលោក៕