(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ សុខាភិបាល ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពហុភាគី។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាមរយៈការសម្ពោធស្ថានទូតកម្ពុជានៅរដ្ឋធានីអង់ការ៉ា ក្នុងឆ្នាំ២០២២ និងការបើកការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ក្នុងស្ថានទូតតួកគីនៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ៕