(កណ្តាល)៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ ដឹកនាំព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២៧ក្នុងក្រុងអរិយក្សត្រ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានប្រគល់ទេយ្យវត្ថុជូនអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ក្នុងពិធីខាងលើនោះ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា មានសង្សដីកាថា ទេយ្យវត្ថុទាំងនេះគឺបានមកពីប្រជាពុទ្ធបរិស័ទដែលបានយកមកប្រគេន ហើយគឺទុកជាអំណោយមនុស្សធម៌។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានគោរពថ្លែងអំណរអរព្រះគុណដល់ទឹកព្រះទ័យព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រមទាំងព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការទាំង២៧វត្តក្នុងក្រុងអរិយក្សត្រ ដែលបានគិតគូរចែករំលែកនូវសម្ភារៈ និងថវិកា ដើម្បីចូលរួមចំណែកដល់កាងារមនុស្សធម៌ កាងារកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានខិតខំជួយប្រជាពលរដ្ឋដែលជួបផលលំបាក ដែលត្រូវការឱ្យជួយ។

លោក ចាន់ តារា និងក្រុមកាងារនៃអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ នឹងយកអំណោយទាំងនេះទៅប្រើប្រាស់ឱ្យចំគោលដៅរបស់កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ជូនថា អំណោយជាទេយ្យវត្ថុដែលប្រគល់ទេយ្យវត្ថុជូនអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ រួមមាន៖ អង្ករ១តោន ទឹកបរិសុទ្ធ២០កេស ទឹកក្រូច២០កេស មី២០កេស ទឹកត្រី២០យួរ ទឹកសុីអុីវ២០យួរ ស្ករ២០គីឡូក្រាម បន្លុង២០ប្រដាប់ និងថវិកា៤លានរៀល ទុកជាអំណោយមនុស្សធម៌៕