(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានបិទវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ» និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ៩២រូប ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះដោយជោគជ័យ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះ លោក ឆាយ ឫទ្ធិសែន បានប្រគល់លិខិតថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំង៣រូប ដែលបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ព្រមទាំងបានអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

លោករដ្ឋមន្រ្ដីបានបន្តថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញថាមន្ដ្រីរាជការទាំងអស់មានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម ហើយវគ្គបណ្ដុះបណ្ដាលនេះពិតជាបានចូលរួមចំណែកផ្ដល់ពុទ្ធិថ្មីៗបន្ថែមទៀតលើការប្រតិបត្តិការងារ សំដៅបង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវនៅក្នុងអង្គភាព។

លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ដូចតទៅ៖

* ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននៅថ្ងៃនេះទៅដឹកនាំអនុវត្តការងារនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ស័ក្ដិសមជាមន្ដ្រីរាជការដែលមានគុណវុឌ្ឍិ និងគុណតម្លៃ។

* ត្រូវចូលរួមសហការជាមួយបណ្ដានាយកដ្ឋាន បណ្ដាមន្ទីរ និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ ជាពិសេសបន្ដបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

* ពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារដឹកនាំជាសមូហភាព និងការបង្កើនការយកចិត្តទុកដាក់ដល់មន្ដ្រី ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង៕