(ស្វាយរៀង)៖ កិច្ចការគាំពារអ្នកវិនិយោគ គឺជាកិច្ចការដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញ និងថែទាំអ្នកវិនិយោគនៅកម្ពុជា។ ក្នុងនាមជាអ្នកប្រតិបត្តិគាំពារអ្នកវិនិយោគក្នុងនីតិកាលថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញកម្មវិធីចុះតាមតំបន់សេដ្ឋកិច្ចពិសេស ហើយជួបអ្នកវិនិយោគដោយផ្ទាល់ ដើម្បីបានស្តាប់នូវបញ្ហា និងកង្វល់របស់អ្នកវិនិយោគ ហើយរកដំណោះស្រាយជូនពួកគេ។
នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើរដោយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្ត បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
តំបន់សេដ្ឋកិច្ចពិសេសដែលលោកឧបនាយករដ្ឋមន្ត្រី ចុះទៅនោះរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត, តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ និងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ។ តំបន់សេដ្ឋកិច្ចពិសេសទាំងបីនេះ មានទុនវិនិយោគសរុបចំនួន ៩៧៧លានដុល្លារ ជាមួយគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣,១៤៣កន្លែង។ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃ និងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។
ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបជជែកដើម្បីស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍ ព្រមទាំងឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមអំពីកិច្ចខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងដ៏សំខាន់ក្នុងការអូសទាញសេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា។
ជាមួយគ្នានោះ ក្នុងដំណើរចុះជួបជាមួយអ្នកវិនិយោគនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើកិច្ចការចំនួន ដើម្បីទាក់ទាញ និងថែទាំអ្នកវិនិយោគនៅកម្ពុជា។ កិច្ចការទាំង៤នោះរួមមាន៖ ចូលរួមទាក់ទាញអ្នកវិនិយោគបណ្តាក់ទុនវិនិយោគនៅកម្ពុជា, សម្របសម្រួលការវិនិយោគរបស់គេឱ្យបានស្រួល, ថែទាំឱ្យបានគង់វង់ និងធ្វើការជាមួយគ្នា ដើម្បីពង្រីកការវិនិយោគបន្ថែម។
សូមបញ្ជាក់ថា រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលលោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមានដូចខាងជា៖
១៖ ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលគ្រឿងសង្ហារិម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគចំនួន ៤៧លានដុល្លារ មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងបានបង្កើតការងារចំនួន ១,០៨៧កន្លែង។
២៖ ក្រុមហ៊ុន Califor Upholstery Materials Co., Ltd. ជាគម្រោងវិនិយោគកែច្នៃ និងជ្រលក់ពណ៌ស្បែក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ១លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសចិន វៀតណាម និងក្នុងស្រុក និងបានបង្កើតការងារចំនួន ២៨៥កន្លែង។
៣៖ ក្រុមហ៊ុន XDS Bicycle (Cambodia) Co., Ltd. ជាគម្រោងវិនិយោគដំឡើងកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១,៦៣៥កន្លែង។
៤៖ ក្រុមហ៊ុន Cart Tire Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលសំបកកង់យានយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ៥៧៤លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង និងបានបង្កើតការងារចំនួន ២,០៥៨កន្លែង។
៥៖ ក្រុមហ៊ុន Kaining Metal Product (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ១,២២០កន្លែង។
៦៖ ក្រុមហ៊ុន So Yang Decorative Lighting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលអំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ៣,០២៤កន្លែង។
សូមជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង។ ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១,៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥,០៨៦កន្លែង៕