(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បាញល្បី របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ កញ្ញានឹងចូលរួមក្នុងការប្រគុំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារជាច្រើន លើកច្រើនសារមកហើយ។
ថ្លែងប្រាប់ Fresh News និង KhmerTalking នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក របស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌ នៅម៉ោង៤រសៀល ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ គឺរៀបចំដោយសាកលវិទ្យាល័យ ន័រតុន សហការជាមួយ សមាគមគ្រួសារតារាកម្ពុជា។
កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួមដោយមិនទាមទារតម្លៃខ្លួនចេញសម្តែងឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា»។
អ្វីដែលកាន់តែមិននឹកស្មានដល់នោះ តារាចម្រៀងល្បីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាដែលត្រូវនឹងថ្ងៃប្រគុំតន្ត្រីនោះ កញ្ញាសុខចិត្តលុបចោល ការងារផ្ទាល់ខ្លួនពីរ គឺថតផ្សាយពាណិជ្ជកម្មម្សៅលាបមុខ និងថតខារ៉ាអូខេ បទថ្មីរបស់កញ្ញាផងដែរ ដោយបានស្នើសុំឲ្យខាងក្រុមហ៊ុនថតស្ប៉ត និងខារ៉ាអូខេ លើកទៅថ្ងៃក្រោយ ដើម្បីយកពេលវេលានេះ ចូលរួមកម្មវិធីប្រគំតន្ត្រី ដ៏សំខាន់នេះ។
កញ្ញា សុខ ពិសី បានបញ្ជាក់ទៀតថា «ខ្ញុំសុខចិត្តលះបង់ការងារផ្ទាល់ខ្លួន មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីរកថវិកាជួយពេទ្យគន្ធបុប្ផា ព្រោះនេះការងារមានតម្លៃសម្រាប់សង្គម ជាពិសេសជួយដល់កុមារកម្ពុជា។ យើងដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផានេះ បានជួយព្យាបាលកុមារកម្ពុជា ដោយមិនយកប្រាក់ ដូច្នេះខ្ញុំចង់ចូលរួមជួយតាមលទ្ធភាព ដោយមិនយកប្រាក់ឡើយ ហើយបើលើកក្រោយមានកម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ»៕