(សៀមរាប)៖ លោក តុប ចាន់អូន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាបនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសារៈសំខាន់នៃការសាងសង់ជណ្តើរត្រី ដែលនឹងធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។

ជណ្តើរត្រី នេះត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។

ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះអាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។

តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប៕

ដើម្បីជម្រាបឱ្យកាន់តែច្បាស់ពីសារៈសំខាន់នៃគម្រោងជណ្តើរត្រី សូមទស្សនាការបញ្ជាក់របស់លោក តុប ចាន់អូន ដូចខាងក្រោម៖