(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមស៊ើសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឲ្យសមត្ថកិច្ចនាំខ្លួនក្រុមជនត្រូវចោទទៅដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធរឿងលួចថតរឿងវីដេអូអាសអាភាសក្នុងបន្ទប់ខុនដូមួយកន្លែងនៅខណ្ឌបឹងកេងកង។

ការសម្រេចរបស់លោកចៅក្រម លិ សុខា គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ក្រុមជនត្រូវចោទទាំងនះ ពីបទ​ «ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម​ ការដឹកនាំពេស្យាចារ​ និងរូបភាព​ និងសម្ភារអាសអាភាស​» តា​មមាត្រា​២៧​ មាត្រា២៩ និងមាត្រា៣០​ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស​ និងអំពើធ្វើអាជីវកម្មផ្លូវភេទ​។

សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារខុនដូរមួយកន្លែងឈ្មោះ Wow Now (ជាន់ទី៨, ទី៩, ទី១០) ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សចំនួន៤៥នាក់ (ជនជាតិចិន និងខ្មែរ)។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឡោមព័ទ្ធខុនដូរមួយកន្លែង កម្ពស់១៥ជាន់ ស្ថិតនៅចំណុចអគារលេខ៤៨ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ជនជាតិចិនមួយក្រុម ដើម្បីធ្វើការសាកសួរ បន្ទាប់ពីបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ ក្រោយពីមាននារីរងគ្រោះ២នាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេឡេក្រាម។

ឧបករណ៍អេឡិចត្រូនិចមួយចំនួន ក្នុងនោះរួមមាន៖

*សម្ភារអេឡិចត្រូនិច និងកុំព្យូទ័រលើតុសម្រាប់កាត់តវីដេអូមួយចំនួន
*ឧបករណ៍ស៊ិច ១ចំនួន (លឹង្គជ័រ ខ្នោះជ័រ សម្ភារបម្រើថតស៊ិច
*ស្រោមអនាម័យមួយចំនួន។

គួរបញ្ជាក់ថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត៕