(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនាយ នាយរងអាវុហត្ថចូលនិវត្ត ដែលមានជម្ងឺ និងជួបការលំបាក២៨នាក់ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។
ពិធីនេះដែរ ក៏មានការចូលរូមពី មេបញ្ជាការរង នាយរសេនាធិការ ប្រធាន អនុប្រធាន មន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង និងអាវុធហត្ថក្រុងតាខ្មៅ ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងរាជអាវុធហត្ថគ្រប់រូប ក៏ដូចជានិវត្តន៍ជន អតីតយុទ្ធជន និងក្រុមគ្រួសារដោយគ្មានការរើសអើងឡើយ។
ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការជូនពរជ័យ ពីសំណាក់ នាយឧត្តមសេនីយ៍ គន់ គីម នាយឧត្តសេនីយ៍ សៅ សុខា ផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លៃងនូវអំណរគុណ និងសំដែងនូវការកោតសរសើរ ដឹងគុណជានិច្ច ចំពោះនាយ នាយរងអាវុធហត្ថ និវត្តន៍ជនទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង យកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បាននាំយកអំណោយទៅចែកជូនផងដែរ រួមមានថវិកាជាង ៥,០០០,០០០រៀល អង្ករ២៨បាវ មី៥៦កេស ទឹកត្រី២៨យួរ ត្រីខ២៨ឡូត៍ ទឹកស៊ីអ៊ីវ២៨យូរ៕