(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រកាសបើក​កា​រ​ជជែកជាមួយភាគីពាក់ព័ន្ធ ពិនិត្យលើសំណើអ្នកវិនិយោគផលិតគ្រឿងសង្ហារិមនៅក្រុងបាវិត ដែលចង់ឱ្យ​គ្រឿងសង្ហារិមផលិតក្នុងស្រុកដាក់លក់ក្នុងប្រទេសកម្ពុជាដោយរួចពន្ធ។

ក្នុងដំណើរពិនិត្យច្រវាក់ផលិតកម្មនៅតាមរោងចក្រនានាក្នុងក្រុងបាវិតនាថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ​២០​២៣​នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យច្រវាក់ផលិតកម្មក្រុមហ៊ុនមួយ ដែលកំពុង​វិនិ​យោគផលិតគ្រឿងសង្ហារឹម សម្រាប់នាំចេញទៅក្រៅប្រទេស។

ក្នុងឱកាសនោះ លោកឧបានយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបជជែកជាមួយថៅកែក្រុមហ៊ុន Shane Furniture Co.,Ltd. លើបញ្ហានានា ពាក់ព័ន្ធការវិនិយោគ និងច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន។ ក្នុងជំនួប​នោះ ក្រៅតែពីបង្ហាញនូវការរីកចម្រើនរបស់ក្រុមហ៊ុន និងពេញចិត្តចំពោះការគាំទ្ររបស់រាជ​រដ្ឋាភិបាលលើ​ការ​វិនិយោគរបស់ខ្លួនហើយនោះ ថៅកែក្រុមហ៊ុនផលិតគ្រឿងសង្ហារិម ក៏បានបង្ហាញពីបំណងចង់ដាក់លក់​គ្រឿងសង្ហារិមខ្លួននៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ។

ទន្ទឹមការបង្ហាញបំណងចង់ដាក់លក់គ្រឿងសង្ហារិមលើទីផ្សារកម្ពុជាហើយនោះ ថៅកែគ្រឿងសង្ហារិមរូបនេះ បានលើកជាចម្ងល់របស់ខ្លួនទៅកាន់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរថា ហេតុអ្វីគ្រឿងសង្ហារិមនាំ​ចូលពីប្រទេសសមាជិកអាស៊ាន ទទួលបានការអនុគ្រោះពន្ធ រីឯផលិតផលផលិតនៅក្នុងបែរជាត្រូវគិតពន្ធ​ទៅ​វិញ?

ក្រោយទទួលបានសំណួរនេះ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសយកបញ្ហានេះទៅជជែកជាមួយឧប​នា​យក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកបានដំណោះស្រាយមួយល្អប្រសើរ៕