(ភ្នំពេញ)៖ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំ ការស្ទង់មតិអំពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ឯកសារដែលត្រូវបោះពុម្ពផ្សព្វផ្សាយ ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធនឹងការលុបឈ្មោះអ្នកបោះឆ្នោត ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអត្ថបទវីដេអូអប់រំ និងឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេច ដូចខាងក្រោម៖

១៖ ឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំគំនូរជីវចល ដែលមានចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»

២៖ ឯកភាពលើខ្លឹមសារស្ប៉តអប់រំ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន៖

* ស្ប៉តអប់រំផ្សព្វផ្សាយតាមវិទ្យុ ចំនួន ៣រឿង មានចំណងជើងថា៖
- «ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»
- «ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»
- «ការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា»

* ស្ប៉តវីដេអូអប់រំខ្លី សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ចំនួន ២រឿង និងវីដេអូខ្នាតវែង ១រឿង ដែលមានចំណងជើងថា៖
- «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»
- «ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»
- «នីតិវិធីស្តីពីការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»។

៣៖ ឯកភាពជាគោលការណ៍ឱ្យនាយកដ្ឋានជំនាញធ្វើការស្ទង់មតិអំពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្រ្ជាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត រួចត្រូវធ្វើរបាយការណ៍ជូន គ.ជ.ប អំពីលទ្ធផលនៃការស្ទង់មតិនេះ។

៤៖ កែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារខិត្តបណ្ណ ចំនួន ៣ ប្រភេទ និង សៀវភៅផ្នត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៥៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

* សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
* សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា
* សេចក្តីណែនាំ ស្តីពីនីតិវិធីនៃការប្រឡង
* សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំការប្រឡង
* លិខិតជម្រាបជូនលោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)
* លិខិតជម្រាបជូនលោក លោកស្រីប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)
* បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង
* ប្រតិទិនសម្រាប់ការប្រឡងជ្រើសរើសមន្រ្តី លគធ.ខប។

៦៖ ឯកភាពលើឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ មានដូចខាងក្រោម៖
* ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
* ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ
* ខិត្តបណ្ណស្តីពីគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
* កូនសៀវភៅបត់ (Leaflet) ស្តីពីការបោះឆ្នោត
* សៀវភៅណែនាំ ស្តីពីការឃោសនាបោះឆ្នោត
* គំរូបណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

៧៖ ឯកភាព រក្សាទុកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ចំនួន ១.០៨៥ (មួយពាន់ប៉ែតសិបប្រាំ) រូប ដែលឃុំ សង្កាត់នៃរាជធានី ខេត្តពាក់ព័ន្ធបានស្នើសុំលុបតាមទម្រង់ (ទ.១០២៥) ដោយតម្រូវឱ្យអង្គភាពជំនាញបញ្ជូនទៅឃុំ សង្កាត់ពាក់ព័ន្ធ ដើម្បីពិនិត្យមើលឯកសារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីដាក់ប្តឹងជំទាស់នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញអំពីការលើកយោបល់ និងការធ្វើកំណត់បង្ហាញរឿងជូន គ.ជ.ប ចៀសវាងក្រៅពីខ្លួនឯងយល់ការងារបច្ចេកទេស អ្នកផ្សេងមិនយល់ នោះជាបញ្ហាលំបាក។ ដូចនេះ អង្គភាពជំនាញ ត្រូវលើកយោបល់ឱ្យបានប្រាកដប្រជា ហើយនៅពេលពិភាក្សា ប្រសិនបើមានចំណុចណាមួយត្រូវជជែកគ្នា អង្គភាពជំនាញត្រូវពន្យល់ហេតុផល និងបកស្រាយឱ្យបានច្បាស់លាស់ជូនអង្គប្រជុំ គ.ជ.ប៕