(ភ្នំពេញ)៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

នៅក្នុងការជំនួបសន្ទនាផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូងនេះ រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញតួនាទីពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។

ភាគីទាំងពីរ បានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុនដែលត្រូវបានដំឡើងទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលដែលប្រទេសទាំងពីរកំពុងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអីអនម៉ល និងការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅឆ្នាំក្រោយ។ ភាគី ទាំងពីរក៏បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

រដ្ឋាភិបាលជប៉ុនក៏ទន្ទឹងរង់ចាំស្វាគមន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ ដល់១៨ ខែ ធ្នូ ឆ្នាំ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងលោក គីស៊ីដា ហ្វ៊ីមីអូ នាយករដ្ឋមន្ត្រីជប៉ុន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិរួមមានទំនាក់ ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រមទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្កាហ្សា។ លោកស្រី កាមិកាវ៉ា យ៉ូកុ បានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិតនិស្សិតកម្ពុជាម្នាក់ផងដែរ៕