(ភ្នំពេញ)៖ លោកស្រី Jane Frences Connors ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) អំពីអាណត្តិអ្នកតស៊ូមតិសិទ្ធិជនរងគ្រោះ(Victims’ Rights Advocate) ស្តីពីការកេងប្រវ័ញ្ចផ្លីបភេទ, ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ។

កិច្ចពិភាក្សានេះ ប្រព្រឹត្តិណ៍ឡើង ដើម្បីស្វែងយល់ពីមធ្យោបាយផ្សេងៗសម្រាប់កិច្ចសហការក្នុងការបង្ការ និងការឆ្លើយតប រួមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូររវាងអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ អ្នកតស៊ូមតិការពារជនរងគ្រោះ (VRA) គឺជាអាណត្តិ ដែល អ.ស.ប និងបុគ្គលិកពាក់ព័ន្ធដាក់ចេញក្នុងកាតព្វកិច្ចលើកកម្ពស់សំឡេងជនរងគ្រោះ នៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន លើកកម្ពស់គោលនយោបាយរបស់អគ្គលេខាធិការក្នុងការដាក់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេនៅជួរមុខនៃសកម្មភាពពាក់ព័ន្ធរបស់ អ.ស.​ប ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះកំហុសទាំងនោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយជាខ្លាំងចំពោះវត្តមានរបស់លោកស្រីឧបការី ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា គ្រប់កងកម្លាំងរក្សាសន្តិភាព តែងទទួលបានការហ្វឹកហាត់មុនពេលចល័ត លើប្រធានបទពាក់ព័ន្ធនឹងការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា កម្ពុជា បានបញ្ជូនកម្លាំងនារីនៅតំបន់បេសកកម្មរហូតដល់ ៤៧ភាគរយ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង, ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ភាគរយ ខណៈបច្ចុប្បន្ន កម្ពុជា ទទួលបានលេខរៀងទី១០ លើ១២៣ ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន។

ទន្ទឹមនោះ ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំដល់ អ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារដល់កងកម្លាំងមុនចល័ត ទៅតំបន់បេសកកម្ម។

ជាការឆ្លើយតប លោកស្រី Jane Frences Connors រីករាយចំពោះសំណើរខាងលើជាខ្លាំង ដ្បិតកាតព្វកិច្ចលោកជំទាវ គឺផ្តោតទៅលើការបណ្តុះបណ្តាលកងកម្លាំងឱ្យដឹងអំពីក្រមសីលធម៌ស្តង់ដា ជាពិសេសផលប៉ះពាល់ដែលកើតមានលើស្រ្តី និងកុមារ។ លោកស្រីនឹងនាំយកសំណើររបស់អគ្គនាយករាយការណ៍ជូនថ្នាក់ដឹកនាំ និងជូនដំណឹងមកកម្ពុជាវិញពេលក្រោយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោកស្រី និងបាននាំយកពាក្យពេចន៍សួរទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងប្រធានគណៈកម្មាធិការ៕