(កំពង់ធំ)៖ លោក សាយ គឹមឡម បានថ្លែងអំណរគុណព្រះសង្ឃដែលបានទទួលបច្ច័យ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ពីព្រះមន្ត្រីសង្ឃស្រុកស្ទោងដែលដឹកនាំដោយ ព្រះគ្រូបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្តីទីស្រុកស្ទោង និងជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពោធិដំណាក់ ព្រមទាំងព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តទាំង ៤៨នៅក្នុងស្រុកស្ទោង ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនជិត ឆ្ងាយ ដែលបានឧបត្ថម្ភជារឿយៗនូវសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគដល់់រដ្ឋបាលស្រុកស្ទោង សម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងហានិភ័យក៏ដូចជាក៏ដូចជាការជួបនូវគ្រោះឧបទ្ទវហេតុផ្សេងៗផងដែរ។

លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បាទអំពាវនាវបន្ថែមទៀតដល់សប្បុរសជនជិតឆ្ងាយ ក៏ដូចជាព្រះមន្ត្រីសង្ឃស្រុកស្ទោង សូមបន្តជួយឧបត្ថម្ភគាំទ្រ សហការជាមួយរដ្ឋបាលស្រុក ក្នុងការធ្វើកិច្ចការ មនុស្សធម៌ ដូចជាជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសារឡើង។

សូមបញ្ជាក់ថា ព្រះមន្ត្រីសង្ឃស្រុកស្ទោងបានឧបត្ថម្ភនូវបច្ច័យចំនួន៤លានរៀល អង្ករ៥០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់មួយចំនួនផងដែរ៕