(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញមកបំភ្លឺចំពោះការផ្សាយថា «អាជ្ញាធរខេត្តព្រះសីហនុ សម្រេចប្តូរឈ្មោះកោះចំនួន២ ទៅជាថ្មដុះ និងថ្មប៉ប្រះទឹក»

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា នាពេលថ្មីៗ មានការចែករំលែកតំណភ្ជាប់របស់សារព័ត៌មាន SBM News ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មានចំណងជើងថា «អាជ្ញាធរខេត្តព្រះសីហនុ សម្រេចប្តូរឈ្មោះកោះចំនួន២ ទៅជាថ្មដុះ និងថ្មប៉ប្រះទឹក» ដោយមានមតិខ្លះបានយកខ្លឹមសារនៃការចុះផ្សាយខាងលើនេះ ទៅធ្វើការបកស្រាយវែកញែកផ្សេងៗគ្នា បង្កឱ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិ និងអន្តរជាតិ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺជូន សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កន្លងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ធ្លាប់បានផ្ដល់បទសម្ភាសជូនសារព័ត៌មាន SBM News ដោយបានឆ្លើយតបសំណួរ ពាក់ព័ន្ធនឹងគម្រោងវិនិយោគនានា នៅតាមបណ្តុំកោះនៅក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ ដោយមិនបានបញ្ជាក់អំពីការផ្លាស់ប្ដូរឈ្មោះកោះណាមួយ នៅក្នុងដែនដីរបស់ខេត្តព្រះសីហនុនោះទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលខេត្ត ក៏បានស្នើសុំទៅសារព័ត៌មាន SBM News ឱ្យធ្វើការកែសម្រួលចំណងជើង និងខ្លឹមសារ នៃការចុះផ្សាយរបស់ខ្លួនឡើងវិញរួចរាល់ហើយដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងស្នើសុំបញ្ឈប់ការចែករំលែកសារសំឡេង និងការបកស្រាយផ្សេងៗពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ ដើម្បីចៀសវាងសាធារណមតិជាតិ និងអន្តរជាតិមានការភាន់ច្រឡំ៕