(កំពង់ឆ្នាំង)៖ ករណីយុវជនម្នាក់បានអះអាងថា ខ្លួនត្រូវបានមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែងមួយក្រុម បានប្រើអំពើហិង្សាមកលើខ្លួនរហូតបណ្ដាលឲ្យមានរបួសស្នាម និងបានឃាត់ខ្លួនរូបគេ ជាមួយក្មួយប្រុសម្នាក់ទៀត ចំនួនមួយយប់ នៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់លែង កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានស្នើសុំដល់ថ្នាក់ដឹកនាំ ពិសេសស្នងការនគរបាលខេត្ត និងព្រះរាជអាជ្ញា មេត្តាចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្ក។

ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនហុង បានឲ្យដឹងថា រូបគេបានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំឲ្យលោកស្នងការជួយផ្ដល់យុត្តិធម៌ឲ្យខ្លួន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ នៅក្នុងពាក្យបណ្ដឹងនោះ ជនរងគ្រោះបានទាមទារសុំឲ្យជនបង្កសងថ្លៃព្យាបាលរបួស, ថ្លៃជំងឺចិត្ត, ថ្លៃការបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការខាតបង់ពេលវេលា ចំនួន១៥,០០០ដុល្លារ និងសុំឲ្យផ្ដន្ទាទោសជនបង្កទៅតាមផ្លូវច្បាប់។

ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីរូបគេបានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចហើយ លោកអភិបាលស្រុកកំពង់លែង ក៏បានហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួល នៅសាលាស្រុកកំពង់លែងចំនួនពីរដងផងដែរ តែការសម្របសម្រួលនោះ មិនបានសម្រេច។ ទើបក្រុមគ្រួសាររបស់យុវជនរងគ្រោះ សម្រេចដាក់ពាក្យបណ្ដឹងប្តឹងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ចំនួន៥នាក់ ចូលទៅតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ក្នុងពាក្យបណ្ដឹងនោះ ជនរងគ្រោះបានទាមទារថ្លៃជំងឺចិត្ត និងថ្លៃព្យាបាលរបួស ចំនួន១៥,០០០ដុល្លារ និងសុំឲ្យតុលាការផ្ដន្ទាទោសជនរងគ្រោះទៅតាមផ្លូវច្បាប់។

ជនរងគ្រោះបន្តឲ្យដឹងទៀតថា កាលដែលរូបគេប្ដឹងជនបង្កចូលទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមានឈ្មោះតែ៣នាក់ ដោយសារកាលនោះ រូបគេពុំទាន់បានស្គាល់ឈ្មោះអ្នកបង្ក២នាក់ទៀត ដែលបានរួមដៃប្រើអំពើហិង្សាមកលើខ្លួននៅឡើយ លុះនៅពេលប្ដឹងចូលតុលាការ ទើបរូបគេក៏បានប្តឹងចំឈ្មោះអ្នកទាំង៥នាក់ ខាងលើនេះ។

ចំណែកស្ត្រីដែលជាម្ដាយជនរងគ្រោះ បានអះអាងថា រូបគាត់ដែលជាម្ដាយ គឺពុំមានបំណងចង់យកចាញ់យកឈ្នះអ្វីនោះទេ សុំឲ្យតែអាជ្ញាធរមានសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីច្បាប់ នោះគ្រួសារគាត់នឹងអស់ចិត្តហើយ។

ជុំវិញករណីនេះ លោក ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះfa ករណីនេះកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកស្នងការបានអញ្ជើញភាគីទាំងសងខាង មកធ្វើការសាកសួរដើម្បីរកមូលហេតុឲ្យពិតប្រាកដ ដោយសារតែលោកជាប់រវល់ចូលរួមប្រជុំ នៅស្នាក់ការគណបក្ស ដូច្នេះករណីនេះលោកនឹងបន្តធ្វើការដោះស្រាយ និងចាត់វិធានការនៅពេលក្រោយជាបន្តទៀត។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ករណីនេះលោកស្នងការកំពុងតែធ្វើការងារនេះហើយ ហេតុនេះសូមរង់បន្តិចចាំសិន ដោយសារលោកស្នងការកំពុងតែចាត់វិធានការជាបណ្ដើរៗ ហើយលទ្ធផលយ៉ាងណានោះ លោកនឹងបញ្ជាក់ជូននៅពេលក្រោយ។

សូមរំលឹកថា ករណីនេះកើតហេតុកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយយុវជនម្នាក់បានអះអាងថា រូបគេត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែងមួយក្រុម ព្រួតគ្នាវាយនិងយកដំបងឆក់ មកឆក់លើរាងកាយបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ក្នុងកម្មវិធីខនសឺត ដែលបានប្រព្រឹត្តទៅនៅមាត់ទន្លេ ទល់មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង៕