(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុករវៀង ក្រោមវត្តមាន ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងលោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុករវៀង និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ខូយ ឃុនហ៊ បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា៖វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ដើម្បីកែលម្អសហគមន៍ របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកប្រធានប្រឹក្សាខេត្តព្រះវិហារស្តីទី បានថ្លែងលើកឡើងទៀតថា៖វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ គឺពិភាក្សាទៅលើប្រធានបទមួយចំនួនដូចជា៖បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ កសិកម្ម និងជលផល ការងារអប់រំ យុវជន និងកីឡា និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពអនាម័យ សុខភាពមាតា និងទារក កិច្ចគាំពាសង្គម ការទប់ស្កាត់ជំងឺឆ្លងកាចសាហាវ និងបញ្ហាផ្សេងៗ។

នៅក្នុងឱកាសនោះដែរ លោកយឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងជម្រាបជូនប្រជាពលរដ្ឋអំពីរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមករួមមាន៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យជាអាទិភាពនានា។បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។

ចូលរួមមតិក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានលើកឡើងអំពីបញ្ហមួយចំនួនដូចជា៖បញ្ហាបណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែលរងការខូចខាត ការប្រើប្រាស់ដីធ្លី បញ្ហាបំណុល មីក្រូហិរញ្ញវត្ថុ ការផ្តល់សេវាសុខភាពអនាម័យនៅក្នុងមូលដ្ឋានជាដើម។

បញ្ហាទាំងអស់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង នៅក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រឿយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារនាពេលនេះ ត្រូវបានស្រាយបំភ្លឺ និងសម្របសម្រួលពីមន្ត្រីជំនាញពាក់ព័ន្ធ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ។

ដោយឡែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ ក៏បានថ្លែងជម្រាបបងប្អូនប្រជាពលរដ្ឋ ពីការត្រៀមបើកការដ្ឋានជួសជុល និងពង្រីកផ្លូវសង្ខាង៥ម៉ែត្រ និងការដាក់ប្រព័ន្ធលូអ៊ុយ លូមូល នៅគីឡូម៉ែត្រលេខ៦៨ លើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិភ្នំដែក ឃុំរម្មណីយ៍។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមសហការ និងរុះរើសំណង់ដែលបានសាងសង់លើដីចំណីផ្លូវនូវចំណុចខាងលើចេញ ហើយក៏សូមអភ័យទោសពីការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូន ស្របពេលការបើកការដ្ឋានចាប់ផ្តើមដំណើរការ៕