(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ចាន់ សារិន នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដើម្បីសាងសង់មណ្ឌលសម្រាប់ស្នាក់នៅ និងបណ្តុះបណ្តាលជូនកុមារខ្សោយសតិបញ្ញា ចំនួន៧០នាក់ នៅលើផ្ទៃដី ១,៣៧១ម៉ែតក្រឡា ស្ថិតនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនេះ លោកស្រីអគ្គលេខាធិការ បានមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ស្ថាបនិក បុគ្គលិក និងក្មួយៗខ្សោយសតិបញ្ញា ទាំង៧០នាក់ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់នូវមនោសញ្ចេតនា ក្តីអាណិតស្រឡាញ់ មេត្តា ករុណា និងជួយសម្រាលទុក្ខលំបាកចំពោះក្មួយៗ ជាជនពិការ និងខ្សោយសតិបញ្ញា ដោយមិនប្រកាន់រើសអើង ពីនិន្នាការនយោបាយ ពូជជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។ ជាមួយគ្នានេះ លោកជំទាវ បានជូនពរដល់ក្មួយៗកុមារ និងបុគ្គលិកអង្គការ សូមជួបប្រទះតែនឹងសុខភាពល្អ បំពេញការងារមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះប្រកបដោយជោគជ័យបន្ថែមទៀត។

លោក ចាន់ សារិន ក្នុងនាមជាថ្នាកដឹកនាំ និងក្មួយៗខ្សោយសតិបញ្ញាទាំងអស់ មានក្តីសោមនស្សរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ថវិកាដ៏ច្រើននេះ ដើម្បីរួមចំណែកលើការសាងសង់អគារសម្រាប់ក្មួយៗជនពិការស្នាក់នៅ និងបណ្តុះបណ្តាល ហើយនេះគឺជាគុណបំណាច់ដ៏ធំធេងបំផុត ដែលក្មួយៗបានទទួលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក បានបន្តថា បច្ចុប្បន្ន ជនពិការទាំងអស់ពិតជាទទួលបាននូវការយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័ននានា ព្រមទាំង កាកបាទក្រហមកម្ពុជា ថែមទៀតផង។

សូមបញ្ជាក់ថា ថវិកា៥ម៉ឺនដុល្លារអាមេរិកនេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្នុងឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា គ្រូ បុគ្គលិក និងពេទ្យ នៅបុរីទារក និង កុមារជាតិ ស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឡែក ផ្ទៃដីសរុបចំនួន ១,៣៧១ម៉ែតក្រឡា សម្រាប់សាងសង់មណ្ឌលនេះ ជាអំណោយរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី៕

e&oe=584AEEF8