(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្នុងជំនួបនេះភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការបន្តជំរុញគម្រោងនានា ដែលកំពុងអនុវត្ត និងផែនការនានាដែលជាការព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ អំឡុងទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងទៅ សំដៅធ្វើឱ្យសម្រេចបានលទ្ធផលលេចចេញជាផ្លែផ្កា។

ជាមួយគ្នានេះភាគីទាំងពីរក៏បានប្តេជ្ញានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងប្រជាជន លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕