(រតនគិរី)៖ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធទិវាអន្តរជាតិក្មេងស្រីក្រោមប្រធានបទ «រួមគ្នាគាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងភាពអង់អាចរបស់ ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេង ដើម្បីទទួលបានឱកាសពេញលេញ។

ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៣នេះ បានរៀបចំដើរព្យុះយាត្រាតាមដងផ្លូវក្នុងក្រុងបានលុង ឆ្ពោះមកកន្លែងប្រារព្ធពិធីនៅបរិវេណវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រោមវត្តមានលោក ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ២៥៥នាក់។

លោក ពុធ ប៊ុនធឿន ប្រធានប្រតិបត្តិកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តរតនគិរី បានថ្លែងថា ដើម្បីលើកកម្ពស់ក្មេងស្រីឲ្យទទួលបាននូវឱកាសចំណេះជំនាញ ការសម្រេចចិត្តនិងទទួលបាននូវសក្តានុពលរបស់ពួកគាត់ ឈានទៅសម្រេចនូវក្តីស្រម៉ៃ និងក្តីសុបុិនរបស់គាត់ ដែលមានក្តីប្រាថ្នាចង់ក្លាយជានណាម្នាក់យើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នាចូលរួមឲ្យបានខ្លាំងក្លាបន្ថែមទៀត និងបន្តឲ្យអស់លទ្ធភាពក្នុងការគាំទ្រដល់កុមារី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងទាំងនៅក្នុងខេត្តរតនគិរី និងទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជា កំពុងធ្វើការក្នុងភាពដៃគូ និងយុទ្ធសាស្ត្រជាមួយអ្នកពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាជួយគាំទ្រដល់កុមារី និងក្មេងស្រីវ័យជំទង់ ដើម្បីសម្រេចក្តីស្រម៉ៃរបស់ពួកគាត់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ អង្គការភ្លែន បានរួមចំណែកផ្តល់ជាគម្រោងផ្តួចផ្តើគំនិតថ្មីដល់ក្មេងស្រី និងយុវជនក្នុងការផ្តួចផ្តើមដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បានជាច្រើនគម្រោង តាមរយៈមូលនិធិខ្នាតតូច ហើយនេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតដែលមានគោលបំណងជួយដល់ក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេង។

លោក ជា ថាវរិទ្ធ បានលើកឡើងថា ការប្រារព្ធទិវាក្មេងស្រីអន្តរជាតិនាពេលនេះគឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីស្វែងរកការគាំទ្រមតិដល់ក្មេងស្រីក្នុងការដើរតួនាទីជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល និងចូលរួមអបអរសាទរដល់ទិវាអន្តរ ជាតិក្មេងស្រីដែលត្រូវបានកំណត់ដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ គឺសម្រេចយកថ្ងៃទី១១ ខែតុលា ជាទិវាអន្តរជាតិក្មេងស្រី។

លោកអភិបាលរងខេត្តរតនគិរី បានបន្តថា តាមរយៈការចូលរួមទិវាក្មេងស្រីអន្តរជាតិនាពេលនេះ បានបង្ហាញឲ្យឃើញពីបញ្ហាដែលកើតមានឡើងនៅក្នុងស្រទាប់ក្មេងស្រី ដែលជាបញ្ហាមួយរាំងស្ទះការតាំងចិត្ត ការចូលរួមក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្មេងស្រីក្នុងការចូលរួមសកម្មភាពពង្រឹងពង្រីកសមត្ថភាពខ្លួនឲ្យបានកាន់តែរឺងមាំនៅក្នុងសង្គមជាតិរបស់យើង ហើយដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិរបស់ក្មេងស្រីឲ្យទទួលបាននូវគុណភាពជីវិតដ៏ប្រសើរសម្រាប់អនាគតរបស់ពួកគេ យើងទាំងអស់គ្នាមានអង្គការដៃគូអភិវឌ្ឍន៍ស្ថាប័នពាក់ពន្ធ័សំខាន់ៗរួមគ្នាបន្តកិច្ចសហប្រតិបត្តិការកំណត់នូវវិធានការ និងដំណោះស្រាយនូវបញ្ហាប្រឈមនានា ដែលរារាំងដល់ការចូលរួមរបស់ក្មេងស្រី ក្នុងការប្រើប្រាស់សក្តានុពលរបស់ពួកគេត្រូវបញ្ឈប់ការរើសអើង ក៏ដូចជាការប្រព្រឹត្តអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ។

នាឱកាសនេះដែរលោក ជា ថាវរិទ្ធ បានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា ក្រសួង មន្ទីរស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងអន្តរជាតិ ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារលើកកម្ពស់ សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី នៅប្រទេសកម្ពុជាក៏ដូចក្នុងខេត្តរតនគិរីកន្លងមកដែលបានធ្វើឱ្យគម្លាតយេនឌ័រនៅក្នុងវិស័យអប់រំទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ហើយស្រ្តីនិងក្មេងស្រីកាន់តែច្រើនជាងមុនបានចូលរួមក្នុងគ្រប់សកម្មភាពនៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ៕