Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ប្រកួតយប់ស្អែកនៅ Rio Olympic Games 2016 មុនចូលនិវត្តន៍ជាផ្លូវការ

16-08-2016 17:05

(ក្រុងរីយ៉ូ)៖ កីឡាការិនីបោកចំបាប់កម្ពុជា ចូវ សុធារ៉ា នឹងចាប់ផ្តើមប្រកួតនៅម៉ោង ៨យប់ថ្ងៃទី១៧ ខែសីហាស្អែកនេះ  (ម៉ោងនៅកម្ពុជា) វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Olympic Games រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ហើយក៏ជាការប្រកួតចុងក្រោយរបស់នាងដែរ បន្ទាប់ពីនាងប្រកាសចូលនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មនេះ។

កីឡាការិនីវ័យ ២៧ឆ្នាំ សុធារ៉ា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើកទី៣១នេះ តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដូចកីឡាករ-កីឡាការិនីផ្នែកកីឡាហែលទឹក និងកីឡាអត្តពលកម្មដែរ។ ប៉ុន្ដែមុននឹងទទួលបានសិទ្ធិអនុគ្រោះនេះ នាងក៏ធ្លាប់បានឆ្លងកាត់ការប្រកួតជម្រុះដែរ តែគ្មានសំណាង ក្រោយប្រកួតចាញ់កីឡាការិនីម៉ិកស៊ិក Valencia Esc ដោយលទ្ធផល ១២-១ពិន្ទុ ទើបអស់ឱកាសទទួលបានសិទ្ធិពេញលេញ។

យ៉ាងណាមិញ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣ នេះ បានឲ្យដឹងពីប្រទេសប្រេស៊ីលថា ថ្វីត្បិតកាលពីប្រកួតជម្រុះនៅប្រទេសតួកគី នាងធ្វើមិនបានល្អ ប៉ុន្ដែសម្រាប់ការប្រកួតផ្លូវការនៅរាត្រីស្អែកនេះ ខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីកសាងស្នាដៃជូនជាតិ និងបង្កើតប្រវត្តិសាស្ដ្រថ្មីខ្លួនឯង មុនចូលនិវត្តន៍។

ដោយឡែកលោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់កម្ពុជា ធ្លាប់បានលើកឡើងថា ចូវ សុធារ៉ា មិនសង្ឃឹមដណ្ដើមបាន មេដាយនោះទេ ព្រោះអ្នកចូលរួមភាគច្រើន សុទ្ធតែជាប់ការប្រកួតជម្រុះ ខណៈ សុធារ៉ា គ្រាន់តែចូលរួមដោយទទួលបានសិទ្ធិអនុគ្រោះប៉ុណ្ណោះ។ ប៉ុន្ដែក្នុងនាមថ្នាក់ដឹកនាំ និងសាម៉ីខ្លួនផ្ទាល់ បានប្ដេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អប្រសើរមួយជូនប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះក្នុងចំណោមអត្តពលិក ៦រូប ដែលកម្ពុជាបានបញ្ជូនទៅចូលរួមប្រកួតកីឡា Olympic Games នៅប្រេស៊ីល គឺមានអត្តពលិក ៣នាក់ហើយ ដែលធ្លាក់ត្រឹមវគ្គជម្រុះ រួមមានកីឡាករហែលទឹក ពូ សុវិជ្ជា កីឡាការិនី ហែម ថុនវិទិនី និងកីឡាការិនីអត្តពលកម្មរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ លី ណារី៕