(សៀមរាប)៖ ភូមិស្លែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាទីតាំងដំបូងគេក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និង ពាណិជ្ជកម្មអូស្ត្រាលី (DFAT)។

ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។

ជណ្តើរត្រីភូមិស្លែង ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹង ទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគេទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះនឹងជួយកាត់ បន្ថយ ផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករទំនប់ទឹក ទៅលើការផ្លាស់ទីរបស់ត្រី។

ជាមួយនឹងគម្រោងរបស់ប្រទេសអូស្ត្រាលី ដើម្បីផ្តល់ដំណោះស្រាយ ដល់បញ្ហាមច្ឆានៅប្រទេសកម្ពុជានោះ, លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារជណ្តើរត្រី បានបង្ហាញការគាំទ្រចំពោះគម្រោងការសាងសង់ជណ្ដើរត្រីនេះ និងបានប្ដេជ្ញាចិត្តចូលរួមសហការក្នុងការអនុវត្តគម្រោងនេះនៅពេលបន្តបន្ទាប់ខាងមុខទៀត។

លោក ឃុន សាវឿន បានបន្តថា ក្រសួងកសិកកម្មរំពឹងថា គម្រោងជណ្តើរត្រីនេះ នឹងមានការចូលរួមឱ្យកាន់តែសកម្មបបន្ថែមទៀតពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យការងារនេះអាចអនុវត្តទៅបាន។

បើតាមញ្ញា ហ៊ុង សុធានិកា ជានិស្សិតឆ្នាំទី៣ លើជំនាញគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា តាមរយៈការចុះធ្វើទស្សនកិច្ចសិក្សាទីតាំងសាងសង់ជណ្តើរត្រី គឺមានអារម្មណ៍ថាប្លែក និងលើកដំបូងសម្រា់ប្រទេសកម្ពុជា ជាពិសេសជណ្តើរត្រីនេះអាចធ្វើឱ្យត្រូវងាយស្រួលធ្វើចលនាចេញទៅកាន់ផ្នែកខាងលើស្ទឹង ដើម្បីទៅកន្លែងពងកូនផ្សេងៗទៀត ដោយមិនបង្កគ្រោះថ្នាក់ដល់ត្រី។

និស្សិតផ្នែកកសិកម្មរូបនេះ បានបង្ហាញក្តីសង្ឃឹមថា ប្រសិនបើប្រទេសកម្ពុជា សាងសង់ទីតាំងជណ្តើរត្រីបានច្រើននោះវានឹងក្លាយជាផ្នែកមួយបង្កើនចំនួនមច្ឆាជាតិឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ ជាពិសេសវានឹងធ្វើឱ្យជីវភាពប្រជានេសាទកាន់តែរីកចម្រើនបានមួយកម្រិតទៀតតាមរយៈទិន្នផលត្រីកើនឡើងនៅតាមស្ទឹង បឹង អូរជាដើម។

សម្រាប់កញ្ញា យីម ពេជ្រម៉ូលីការ ជានិស្សិតមកពីសាលាជាតិកសិកម្មកំពង់ចាម បានលើកឡើងថា តាមរយៈការធ្វើទស្សនកិច្ចទីតាំងជណ្តើរត្រី នៅភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានឱ្យកញ្ញា ក៏ដូចនិស្សិតផ្សេងទៀតបានយល់កាន់តែច្បាស់ពីសារៈសំខាន់របស់ជណ្តើរត្រី ជាពិសេសបានយល់កាន់តែច្បាស់ពីភូមិសាស្ត្រ ជីវសាស្ត្ររបស់ត្រីប្រភេទផ្សេងៗទៀតដែលមានវត្តក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្អែកនេះ នឹងសម្ពោធជណ្តើរត្រី ដែលទើបសាងសង់រួចរាល់ ស្ថិតនៅភូមិស្លែង ក្នុង ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែង ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប៕