(ពោធិ៍សាត់)៖ ខណៈដែលគម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិ និងរុក្ខទេសចរណ៍ ដែលផ្សារភ្ជាប់នឹងទឹកដី លើផ្ទៃដីប្រមាណជាង៤០០ហិកតា ក្នុងឃុំអូរសោម បាននិងកំពុងបោះជំហានទៅមុខនោះ, ក្រុមហ៊ុន សាម៉ានេអា ឯ.ក (SAMANEA CO., LTD) ដែលបានទទួលសិទ្ធិស្របច្បាប់ ក្នុងការប្រើប្រាស់ដីរបស់រដ្ឋ បានទទួលកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាការកំណត់ព្រំដីឱ្យបានច្បាស់លាស់ ងាយស្រួលធ្វើផែនការអភិវឌ្ឍ លុបបំបាត់ជម្លោះ និងការលាបពណ៌ផ្សេងៗ ពិសេសជួយលើកកម្ពស់ជីវភាព ក៏ដូចជាសម្រួលផ្លូវគមនាគមន៍ ជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

ជាក់ស្តែង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំជាន់ទី១ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលដល់ការអនុវត្តគម្រោង និងជម្រុញកិច្ចការងារបោះបង្គោលព្រំដី ទំហំ៤១៤ហិកតា ជូនដល់ក្រុមហ៊ុន សាម៉ានេអា ឯ.ក (SAMANEA CO., LTD) ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា យោងតាមអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគប្ដូរចំណាត់ថ្នាក់ដី ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិ ឯកជនរបស់រដ្ឋ លើផ្ទៃដីទំហំ៤១៤ (បួនរយដប់បួន)ហិកតា ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិ និងរុក្ខ-ទេសចរណ៍ ដែលផ្សារភ្ជាប់នឹងទឹកដី។

គម្រោងនេះ មានអត្ថប្រយោជន៍នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការជួយបង្កើតការងារ ផ្តល់កម្លាំង និងជំរុញដល់សេដ្ឋកិច្ចជាតិ និងនៅមូលដ្ឋាន នាំមកនូវចំណូលសម្រាប់ជួយគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការពារសេវាកម្មអេកូឡូស៊ី ជាពិសេសបានជំរុញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់មាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លាកាន់តែច្បាស់៕