(កំពង់ធំ)៖ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបញ្ញើសន្សំប្រាក់ តាមគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុដែលខ្លួនទុកចិត្ត។

លោក យឹម លាត បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ទិវាសន្សំអាស៊ាន» សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក» ដែលជាកិច្ចសហការរៀបចំដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសួនមាត់ស្ទឹងសែន។

លោកបន្តថា «ការរៀបចំទិវាសេអាស៊ានពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាបន្ន ហិរញ្ញវត្ថុដែលស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ការសន្សំប្រាក់ ក៏ដូចជាការបង្កើនការយល់ដឹងអំពីអត្តប្រយោជន៍ក្នុងការបើកគណនីសន្សំ»។

លោកបន្តថា ទន្ទឹមនឹងនេះធនាគារជាតនៃកម្ពុជា មានចេញបទប្បញ្ញត្តិពាក់ព័ន្ធដែលជាចលករជំរុញឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុពង្រីកហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដែលបង្កលក្ខណៈងាយស្រួលដល់អតិថិជន និងសាធារណជនក្នុងការបើ្រប្រាស់សវាកម្មធនាការយ៉ាងសំបូរបែប គ្រប់ប្រភេទប្រកបដោយសុវត្តិភាព ងាយស្រួល រហ័សទាន់ចិត្ត។

លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋយើងមួយចំនួននៅតែមានភាពយល់ច្រឡំថា ទាល់តែមានចំណូលច្រើនទើបអាចចាប់ផ្ដើមសន្សំបាន ឬទាល់តែយកចំណូលដកចំណាយរួចទើបសល់សម្រាប់សន្សំជាដើម។ ដូច្នេះយើងគួរទុកប្រាក់ខ្លះសម្រាប់ការសន្សំ ដើម្បីខ្លួនយើងក៏ដូចជាមនុស្សជា ទីស្រលាញ់ ដូចប្រធានបទរបស់យើងក្នុងថ្ងៃនេះ «ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក»។

លោក យឹម លាត បញ្ជាក់ទៀតថា «ការសន្សំប្រាក់គឺជាចន្ទល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ដែលមិនបានព្រៀងទុកនាពេលអនាគត ដូចជាពេលមានជំងឺ និងដោះស្រាយ បញ្ហាបន្ទាន់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុផងដែរ»

ទន្ទឹមនឹងនេះទម្លាប់សន្សំដ៏ប្រពៃ គឺការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការដោយសារការសន្សំប្រាក់ ជាមួយគ្រឹះស្ថានផ្លូវការទាំងនេះផ្ដល់នូវការថែរក្សានិងការពារប្រាក់សន្សំរបស់យើងប្រកប ដោយសុវត្ថិភាពផ្ដល់នូវចំណូលការប្រាក់សន្សំបន្ថែមមានកិច្ចការពារតាមផ្លូវច្បាប់និងជួយយើងឱ្យរៀបចំគម្រោងសម្រាប់អនាគតបានច្បាស់លាស់។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា ធនាគារពាណិជ្ជមានសាខាចំនួន១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានសាខាចំនួន៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើប្រតិបត្តិការឥណទានជនបទចំនួន១១។

លោកស្រីសំណូមពរដល់ធនាគារមីក្រូហិរញ្ញវត្ថុ និងឥណទានទាំងអស់សូមធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ទាន់ពេលវេលា ត្រឹមត្រូវ បន្តអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹង និងពង្រីកសមត្ថភាពការងារ និងគោរពអនុវត្តតាមរាល់ សេចក្តីណែនាំនានារបស់ធនាគារជាតិនៃកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាពយ៉ាងពិតប្រាកដ៕