(កំពត)៖ ខណៈដែលទំនប់ម្លេចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តកំពតនោះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះទទួលបានផលប្រយោជន៍យ៉ាងច្រើនពីវិស័យទេសចរណ៍ តាមរយៈការបង្កើតការងារនិងមុខរបរដោយផ្ទាល់ និងទទួលផលដោយប្រយោលសរុបរាប់រយនាក់ ឬចូលដល់ខ្ទង់ពាន់នាក់។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា វិស័យទេសចរណ៍នៅតំបន់ទំនប់ម្លេចនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង៣០០នាក់​ ដែលពួកគាត់អាចទទួលបានប្រាក់ខែចាប់ពី១៥០ដុល្លារឡើងទៅ។ ប្រជាពលរដ្ឋដែលទទួលផលដោយប្រយោលមិនឆ្ងាយក៏មានចំនួនរាប់រយនាក់ទៀត ដូចជា អ្នកចិញ្ចឹមមាន់ទា អ្នករកត្រី រកខ្យងនៅតាមបឹងបួ អ្នកបើកកាណូតជូនភ្ញៀវទស្សនាតាមបឹង អ្នកធ្វើសិប្បកម្ម ឬផលិតរបស់របរផ្សេងទៀតជាច្រើន។

លោក ប៉ុង វណ្ណា ម្ចាស់រមណីយដ្ឋានទេសចរណ៍ Mlech Adventure ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់ទំនប់ម្លេចនោះប្រមាណជាង២០នាក់ដែរ ដោយមានការបើកផ្ដល់ប្រាក់ខែទៀងទាត់។ ក្រៅពីនេះរមណីយដ្ឋានរបស់លោកក៏ទទួលទិញត្រី សាច់ មាន់ ទា ក្ដាម ខ្យង បន្លែ ទឹកកកជាដើមពីប្រជាពលរដ្ឋដទៃនៅជុំវិញនោះដែរ។

លោក ប៉ុង វណ្ណា ក៏អនុញ្ញាតឱ្យអ្នកបើកទូកកាណូតអាចដឹកភ្ញៀវនៅរមណីយដ្ឋាន Mlech Adventure ជិះលេងកម្សាន្តនៅតាមបឹង ហើយក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលលក់នំចំណី បន្លែបង្ការ ត្រីសាច់ ផលិតផលកសិផលនៅក្នុងរមណីយដ្ឋានទេសចរណ៍ Mlech Adventure បានទៀតផង។

អ្នកស្រី ហ៉ី ណេង ជាបុគ្គលិកបម្រើការម្នាក់នៅរមណីយដ្ឋានទេសចរណ៍ Mlech Adventure បានបង្ហាញក្ដីរីករាយនៅពេលមានការងារធ្វើជិតផ្ទះស្រាប់ ហើយទទួលបានប្រាក់ខែទៀងទាត់សម្រាប់ដោះស្រាយការចំណាយប្រចាំថ្ងៃ។ មិនត្រឹមតែអ្នកស្រីម្នាក់ប៉ុណ្ណោះទេ បងប្អូនបួនប្រាំនាក់ទៀតរបស់អ្នកស្រីក៏មានការងារធ្វើនៅរមណីយដ្ឋាននេះដែរ ពោលមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយឡើយ។

បើតាមលោក សយ ស៉ីណុល មន្ទីរទេសចរណ៍ខេត្តកំពតតែងតែផ្ដល់ការបណ្ដុះបណ្ដាលជារឿយៗ ដល់អ្នកបម្រើការវិស័យទេសចរណ៍នៅតំបន់ទំនប់ម្លេចនេះ ដើម្បីពង្រឹងការផ្ដល់សេវាកម្មប្រកបដោយបដិសណ្ឋារកិច្ច សុវត្ថិភាពភ្ញៀវទេសចរ គុណភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ បរិស្ថាន និងសំរាម ព្រមទាំងមានការប្រជុំត្រួតពិនិត្យលើកិច្ចការបម្រើសេវាកម្មទេសចរណ៍នេះយ៉ាងទៀងទាត់៕