(ភ្នំពេញ)៖ ខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣ បានរៀបចំ​សិក្ខាសាលាសមាហរណកម្ម​វិនិយោគ ៣ឆ្នាំរំកិល​ (២០២៤-២០២៦)​ របស់រដ្ឋបាលសង្កាត់​ និងខណ្ឌ ក្រោមវត្ដមាន លោក ហ៊ុន សុរិទ្ឋី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលរងខណ្ឌ និងក្រុមប្រឹក្សាខណ្ឌ ចៅសង្កាត់ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងពិធីបើកសិក្ខាសាលាមួយនេះ អភិបាលខណ្ឌ៧មករា បានលើកឡើងថា នៅពេលនេះ មានគម្រោង វិនិយោគជាអាទិភាព ដែលមានការសន្យាគាំទ្រយ៉ាងច្រើន។

លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាក់ថា «សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគ អាទិភាព ៣ឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រ ពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាខ្លះ»

លោកអភិបាលខណ្ឌ៧មករា បានបន្ដទៀតថា អ្នកតំណាងឲ្យស្ថាប័នសង្គមស៊ីវិល និងផ្នែកឯកជន ព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឲ្យក្រុមការងាររបស់លោក ធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ។

លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ បានចែងថា ការបង្កើតរដ្ឋបាល ឯកភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការ ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួល នូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនដីរបស់ខ្លួន» ។

លោក ហ៊ុន សុរិទ្ឋី បានលើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤–២០២៦ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគ ជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ, ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្ម បានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាខណ្ឌនីមួយៗ។

សិក្ខាសាលានេះ រៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

បើតាមគម្រោងក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០២៣ កន្លងមក មានដូចខាងក្រោម៖ គម្រោងខណ្ឌដែលទទួលបានការគាំទ្រសរុបចំនួន ១៨១គម្រោងហើយបានអនុវត្តរួចរាល់ មានចំនួន ១២៥គម្រោង និងកំពុងអនុវត្ត ចំនួន ៥៦គម្រោង ។

ដោយឡែក ចំពោះគម្រោង ដែលត្រូវដាក់ស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០២៣ សម្រាប់អនុវត្តឆ្នាំ២០២៤ នាពេលនេះ រួមមាន៖
ក-គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលខណ្ឌមានចំនួន ១១០គម្រោង ក្នុងនោះ៖

១-ផ្នែកសេដ្ឋកិច្ច មានចំនួន ៣២គម្រោង
២-ផ្នែកសង្គមកិច្ច មានចំនួន ៤៦គម្រោង
៣-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិនិងបរិស្ថាន មានចំនួន ៨គម្រោង
៤-ផ្នែកសេវាកម្ម រដ្ឋបាលនិងសន្តិសុខ មានចំនួន ២៤គម្រោង។

ខ-គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង៨មានសរុបចំនួន ៣២៥គម្រោង ក្នុងនោះ៖

១-វិស័យអាជីវកម្ម មានចំនួន ១១គម្រោង
២-វិស័យអប់រំ មានចំនួន ១៦គម្រោង
៣-វិស័យសុខភាព មានចំនួន ៥៥គម្រោង
៤-វិស័យងាយរងគ្រោះ មានចំនួន ១២គម្រោង
៥-វិស័យបរិស្ថាន មានចំនួន ២៥គម្រោង
៦-វិស័យរដ្ឋបាលនិងសន្តិសុខ មានចំនួន ២០៦គម្រោង៕