(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញរីករាយក្នុងការអញ្ជើញវិនិយោគិន និងអ្នកទេសចរមកពីតំបន់ Mangalore នៃប្រទេសឥណ្ឌា មកទស្សនា និងស្វែងយល់ពីសក្តានុពលប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកក៏បានចែករំលែកសារជាវីដេអូ ដែលពន្យល់ពីគំនិតផ្តួចផ្តើមផ្សេងៗ ដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់អាជីវកម្ម និងការពារការវិនិយោគ។ លោកបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយប្រទេសឥណ្ឌា ដើម្បីផលប្រយោជន៍ និងកំណើនទៅវិញទៅមក។

លោក សំហេង បុរស បានលើកឡើងបែបនេះ តាមរយៈវីដេអូពីចម្ងាយ ក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងនៅសណ្ឋាគារ Ocean Pearl ក្នុងទីក្រុង Mangalore ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសឥណ្ឌា និងកម្ពុជា។

ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ ក្រុមហ៊ុន The Better Cambodia មានការចូលរួមពីភ្ញៀវកិត្តិយស មកពីប្រទេសទាំងពីរ ដែលបានចែករំលែកការយល់ដឹង និងបទពិសោធន៍របស់ពួកគេអំពីឱកាស និងបញ្ហាប្រឈមនៃការធ្វើអាជីវកម្មនៅកម្ពុជា។

ភ្ញៀវកិត្តិយសព្រឹត្តិការណ៍នេះ គឺលោកស្រី Linchen Lahmo សមាជិកនៃគណៈកម្មាការជនជាតិភាគតិច (Member of the Minorities Commission) រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន The Better Cambodia និងបានលើកឡើងពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសឥណ្ឌា និងកម្ពុជា។ លោកស្រី ក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍបន្ថែមទៀត នៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រជាជាតិទាំងពីរ។

ជាមួយគ្នាផងដែរលោក JR Lobo ជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ និងជាអតីត MLA មកពីតំបន់ Mangalore South បានសង្កត់ធ្ងន់លើឱកាសក្នុងវិស័យទេសចរណ៍ និងកសិកម្មនៅក្នុងប្រទេសទាំងពីរ។ លោកបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន The Better Cambodia និងបានជំរុញឱ្យអាជីវកម្មពីតំបន់ Mangalore បណ្តាក់ទុនមកកម្ពុជា ដោយលើកឡើងពីការរីកចម្រើន និងវិបុលភាពរបស់ប្រទេសកម្ពុជា។

លោក ជិន ថូមីត ដែលជាវាគ្មិនកិត្តិយសមកពីប្រទេសកម្ពុជា បានថ្លែងសុន្ទរក ដោយបង្ហាញយ៉ាងស្និទ្ធស្នាលអំពីទំនាក់ទំនង យ៉ាងស៊ីជម្រៅរវាងកម្ពុជា និងឥណ្ឌា ដោយផ្អែកលើវប្បធម៌ និងតម្លៃរួម។ លោកក៏បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមរដ្ឋាភិបាលដែលមានស្ថិរភាព និងគោលនយោបាយគាំទ្រ បង្កើតបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍។

លោកបានបង្ហាញថាប្រទេសកម្ពុជាស្វាគមន៍ និងផ្តល់នូវឱកាសសម្រាប់ការពង្រីកអាជីវកម្ម ដោយចង្អុលបង្ហាញពីអត្ថប្រយោជន៍ ដែលមាន សម្រាប់វិនិយោគិនដែលជ្រើសរើស កម្ពុជាជាប្រទេសគោលដៅ។

ព្រឹត្តិការណ៍នេះ ក៏មានវត្តមានរបស់កញ្ញា គង់ សុខគាង នាយកក្រុមហ៊ុន IDEN Agency និង អង្គការយុវជនអន្តរជាតិ ដើម្បីពិភពលោកដ៏ប្រសើរ ពីប្រទេសកម្ពុជា ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការស្វែងយល់ពីការយល់ដឹងថ្មីៗនៃអាជីវកម្ម។

ក្រុមហ៊ុន The Better Cambodia មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រជាជាតិដទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយមានការគាំទ្រពីលោក Walter Dantis ដែលជាពាណិជ្ជករដ៏ល្បីល្បាញ និងជាគ្រូបង្វឹកផ្នែកលក់មកពីតំបន់ Bahrain ប្រទេសឥណ្ឌា រួមជាមួយលោក Avikshith Rai និងលោក Abdul Razak។

ព្រឹត្តិការណ៍នេះបាននាំមកនូវការជួបជុំគ្នាដោយជោគជ័យ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយស ដែលមានជំនាញ និងបទពិសោធផ្សេងៗ គ្នាពីប្រទេសទាំងពីរ។ ការផ្តោតសំខាន់មួយនៃព្រឹត្តិការណ៍ Cambodia Connect គឺដើម្បីបញ្ជាក់អំពីសក្តានុពល សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីបង្កើតចីរភាពយូរអង្វែង នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ បានបម្រើជាវេទិកាសម្រាប់អាជីវកម្មទាំងនេះ ដើម្បីស្វែងរកឱកាស និងបង្កើតទំនាក់ទំនងដ៏មានតម្លៃជាមួយសមភាគីកម្ពុជា។

វត្តមានរបស់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គការផ្សេងៗ បានលើកកំពស់ព្រឹត្តិការណ៍ The Cambodia Connect ដែលបានបង្ហាញពីសារៈសំខាន់របស់ព្រឹត្តិការណ៍នេះ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

តួលេខធុរកិច្ចគួរឱ្យកត់សម្គាល់ ពីសហគមន៍អាជីវកម្ម តំបន់ Mangalore ប្រទេសឥណ្ឌារួមមាន Gilbert D'Souza សហគ្រិនតំណាងឱ្យ Souza Industries និង Souza Group of Companies; លោក Vinod Pinto ប្រធានក្រុមហ៊ុន CREDAI, លោកបណ្ឌិត Varanasi Krishnamurthy ស្ថាបនិក Varanasi Research Foundation; Anil D'Souza តំណាងឱ្យសមាគមអ្នកដាំកាហ្វេ, លោក Prakash Kalbavi ម្ចាស់ Kalbavi Cashews & Kalbavi consumer foods Pvt Ltd នៅទីក្រុង Mangalore និងលោកវេជ្ជបណ្ឌិត Sheryl Colaco វេជ្ជបណ្ឌិតឯកទេសមកពីមន្ទីរពេទ្យ Indira និងសហគ្រិនផ្សេងទៀត ទាំងអស់គ្នាបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ The Cambodia Connect ដែលប្រារព្ធឡើងនៅទីក្រុង Mangalore គឺជាគំនិតផ្តួចផ្តើមដ៏ជ្រាលជ្រៅ និងគួរឱ្យសរសើរ ដែលបង្ហាញដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ជាមួយនឹងការសង្កត់ធ្ងន់ ជាចម្បងលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវភ្ញៀវកិត្តិយស និងវាគ្មិនដែលបានចូលរួមបំភ្លឺជារួមអំពីសក្តានុពលដ៏ធំធេង សម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។

នៅពេលដែលប្រជាជាតិទាំងពីរ បន្តដំណើរក្នុងការស្វែងរកឱកាស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រឹត្តិការណ៍នេះបានដើរតួនាទី មិនអាចខ្វះបានក្នុងការចាក់គ្រឹះភាពជាដៃគូយូរអង្វែង ដោយសន្យាថានឹងមានអនាគតដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ៕