(ប៉េកាំង-ចិន)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងនាយទាហាន នៅក្នុងក្រសួងការពារជាតិមួយចំនួនទៀត នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានបន្តជួបប្រជុំទ្វេភាគីជាមួយនាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិឡាវ នៅទីក្រុងប៉េកាំង។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិឡាវ សម្តែងការអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងមក ហើយជោគជ័យនេះត្រូវបានរដ្ឋមន្ត្រីការពារជាតិឡាវ ចាត់ទុកថា បានមកពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។

លោករដ្ឋមន្ត្រីការពារជាតិឡាវ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ប្រទេសឡាវ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព នៅតាមតំប់ព្រំដែនជាប់ប្រទេសជិតខាងឲ្យបានល្អប្រសើរ ហើយក្នុងនោះ លោកបានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចគ្នាទៅវិញទៅមក ការបណ្ដុះបណ្តាលធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនឲ្យបានល្អប្រសើរ សម្រាប់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ឡាវ និង ការសម្របសម្រួលធ្វើយ៉ាងណាឲ្យការចេញ ចូល ប្រកបមុខរបររកស៊ីប្រជាជនប្រទេសទាំងពីរបានងាយស្រួល។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា ឡាវ មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ។ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា ឡាវ ដែលរហូតមកដល់ពេលនេះបានសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត នាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជានប្រទេសទាំងពីរកម្ពុជា ឡាវ៕